ឯកឧត្តម ប៉ាន់ខែម ប៊ុនថន ដឹកនាំដោះស្រាយករណីទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃរវាងលោក គង់ ជា ជាមួយឈ្មោះ លី អ៊ុតនី(មរណៈភាព)និងឈ្មោះ ឌុច សាវីន ស្ថិតក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ
ខេត្តបន្ទាយមានជ័យ៖ទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃជាច្រើនឆ្នាំចំនួន៩៧ហិចតា នៅចំណុចភូមិសាស្ត្រអ៊ុងម៉ុង ស្ថិតនៅក្នុងភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ រវាងឈ្មោះ លី អ៊ុតនី(មរណៈភាព) ជាមួយលោក គង់ ជា , ឌុច សាវីន និងប្រជាពលរដ្ឋពាក់ព័ន្ធ ត្រូវបានឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្រ្តី នៃកម្ពុជា ,លោក លី សារី អភិបាលរង ខេត្តបន្ទាយមានជ័យ ក្រុមការងារអន្តរវិស័យ និងកងកម្លាំងអាវុធហត្ថ,នគរបាល ព្រមទាំងអាជ្ញាធរមូលដ្ឋាន នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២២ បានចុះធ្វើការដោះស្រាយជូន ដោយយកគោលនយោបាយឈ្នះ ឈ្នះ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលឯកឧត្តមនិងក្រុមការងារជំនាញធ្លាប់ធ្វើការដោះស្រាយនៅភូមិបឹងជង្រុកតេជោឈ្នះ ឈ្នះ រហូតទួលបានជោគជ័យ និងកំពុងធ្វើការអភិវឌ្ឍន៍លើគ្រប់វិស័យផងដែរនោះ។
ក្នុងការដោះស្រាយនោះឯកឧត្តម ប៉ាន់ខែម ប៊ុនថន និងក្រុមការងារជំនាញបានសម្រេចមួយជំហានដោយតម្រូវឲ្យប្រជាពលរដ្ឋចុះឈ្មោះដោយភ្ជាប់ជាមួយឯកសារដែលមានក្នុងការមកកាន់កាប់ដីនៅចំណុចខាងលើ ដើម្បីក្រុមការងារពិនិត្យថា តើបងប្អូនមកកាន់កាប់ដីនេះស្របច្បាប់ ត្រឹមត្រូវឬក៏ចាញ់បោកគេ ដោយធ្វើការចុះឈ្មោះចាប់ពីថ្ងៃនេះតទៅរហូតដល់ថ្ងៃទី១១ មករា ឯកឧត្តម និងក្រុមការងារ ធ្វើរោងប្រចាំការដោះស្រាយដោយផ្ទាល់។
ឯកឧត្តមបញ្ជាក់ថា ការដោះស្រាយបែបឈ្នះឈ្នះគឺយើងនឹងឈ្នះទាំងអស់គ្នា ហើយបុគ្គលដែលមានចេតនាទុច្ចរិត អ្នកនោះនឹងមិនរួចខ្លួនពីសំណាញ់ច្បាប់នោះឡើយ ដោយមិនអនុញ្ញាតឲ្យអ្នកណាម្នាក់មកបំពុលសង្គម ,បង្កើតអភិគមន៍ ពិសេសមិនអនុញ្ញាតឲ្យមានការបង្កើតជាក្រុមក្រៅច្បាប់បានឡើយ។
ជាមួយគ្នានោះដែរ ឯកឧត្តមបានធ្វើការអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋដែលពាក់ព័ន្ធដីនៅចំណុចខាងលើសូមឲ្យរុះរាន់ចូលខ្លួនមកដោះសា្រយឲ្យហើយ នៅថ្ងៃទី១១ មករា វេលាម៉ោង៧ព្រឹក ពីព្រោះនៅពេលក្រុមការងារបិតបញ្ជីឈប់ដោះស្រាយហើយ គឺលែងទទួលស្គាល់ហើយ៕