អាជ្ញាធរខេត្តបន្ទាយមានជ័យ ចុះត្រួតពិនិត្យគោលដៅអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល លើការបិទការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ជាបណ្តោះអាសន្ន រយៈពេល១៤ថ្ងៃ
ខេត្តបន្ទាយមានជ័យ៖ក្រោយយពីប្រមុខរាជរដ្ឋាភិបាលចេញសេចក្តីសម្រេចស្តីពីការហាមឃាត់ការ ធ្វើដំណើរឆ្លងកាត់ចេញ ចូល ពីខេត្តមួយទៅខេត្តមួយ និងបិទរមណីដ្ឋានទេសចរណ៍ នៅទូទាំងប្រទេសជាបណ្តោះអាសន្ន គិតចាប់ពីពេលនេះ រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩នោះ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយលោឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានអញ្ជើញចុះត្រួតពិនិត្យតាមគោលដៅក្នុងស្រុកជាប់ព្រំប្រទល់ខេត្តបាត់ដំបង និងបន្តចុះទៅតាមគោលដៅផ្សេងៗទៀត ក្នុងគោលបំណងពង្រឹកការអនុវត្តន៍បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ទៅដល់សហគមន៍ទ្រង់ទ្រាយធំ។
នៅក្នុងឱកាសនោះ ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្ត បានផ្តាំផ្ញើដល់កងកម្លាំងទាំងអស់ ត្រូវយកចិត្តទុកដាក់ អនុវត្តតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឱ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពខ្ពស់ និងស្នើឱ្យខិតខំអនុវត្តវិធានការអប់រំ ណែនាំ ដល់ប្រជាពលរដ្ឋឱ្យយល់ច្បាស់ នូវគោលបំណង នៃបទបញ្ជា ដែលបានដាក់ចេញនាពេលថ្មីៗនេះ និងអប់រំផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋឱ្យចេះបង្ការ ទប់ស្កាត់ កុំឱ្យឆ្លងជំងឺកូវីដ១៩ (Covid-19) តាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាវិធានការ (៣កុំ, ៣ការពារ) របស់រាជរដ្ឋាភិបាលកម្ពុជា។
ក្នុងនោះឯកឧត្ដមអភិបាលខេត្ត ក៏បានផ្តល់ជូនកងកម្លាំងដែលឈរជើងតាមព្រំប្រទល់នីមួយៗ នូវអង្ករ១០០គក, ទឹកបរិសុទ្ធ២០យួរ, មី៦កេសតូច, ទឹកត្រី៥យួរ, ទឹកស៉ីអ៉ីវ៥យួរ, ត្រីខ១កេស
និងឧបត្ថម្ភម្ហូបដល់កម្លាំង ក្នុងមួយគោលដៅ ថវិកា៨០ម៉ឺនរៀល។គោលដៅ ដែលខេត្ត បានដាក់ប៉ុស្តិ៍ត្រួតពិនិត្យ មានចំនួន៧សំខាន់ៗរួមមាន៖
១- ស្រុកមង្គលបូរី០២គោលដៅ ព្រំប្រទល់ជាមួយខេត្តបាត់ដំបង
២- ស្រុកម៉ាឡៃ ០២គោលដៅ ព្រំប្រទល់ជាមួយខេត្តបាត់ដំបង
៣- ព្រះនេត្រព្រះ០១គោលដៅ ព្រំប្រទល់ជាមួយខេត្តសៀមរាប
៤- ស្រុកភ្នំស្រុក០១គោលដៅ ព្រំប្រទល់ជាមួយខេត្តសៀម និងឧត្តរមានជ័យ
៥-ស្រុកថ្មពួក ០២ គោលដៅ ព្រំប្រទល់ជាមួយខេត្តឧត្តរមានជ័យ៕