រដ្ឋបាលខេត្តប៉ៃលិន សហការជាមួយយុវជនស្ម័គ្រចិត្តស.ស.យ.ក.ខេត្ត បើកយុទ្ធនាការចុះផ្សព្វផ្សាយ ពីវិធានរបស់ក្រសួងសុខាភិបាល និងច្បាប់នានាពាក់ពន្ធ័ការផាកពិន័យអ្នកដែលបំពានច្បាប់
ខេត្តប៉ៃលិន៖នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ ក្រោមការចង្អុលបង្ហាញពីលោកស្រី បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន លោក ហុក សុផល អភិបាលរងខេត្តប៉ៃលិន និងលោក ចេង ញ៉ាន់ អភិបាលរងខេត្ត ដឹកនាំកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងមានការចូលរួមពីយុវជន ស.ស.យ.ក និងយុវជនកាកបាទក្រហមខេត្តប៉ៃលិន បានចុះអប់រំផ្សព្វផ្សាយពីវិធានការការពារកូវីដ១៩ និងការពាក់ម៉ាស់ នៅភូមិសាស្ត្រសំខាន់ៗ ចំនួន៣គឺ ផ្សារព្រំ រង្វង់មូលសាលាក្រៅ និង ផ្សារប៉ាងរលឹម។
លោក ហុក សុផល អភិបាលរងខេត្ត និងជាអនុប្រធានស.ស.យ.កខេត្តប៉ៃលិន បានមានប្រសាសន៍ឱ្យដឹងថា៖ ក្រោមការចង្អុរបង្ហាញពីឯកឧត្ដមហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងសេចក្តីណែនាំពីលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តនិងជាប្រធានស.ស.យ.ក.ខេត្ត ដែលលោកទាំងពីរតែងតែណែនាំឲ្យយុវជនទាំងអស់ ចូលរួមយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំង និងជម្ងឺកូវិដ១៩នេះ ជាពិសេសប្រមុខរាជរដ្ឋា ភិបាលកំពុងតែយកចិត្តទុក ដាក់ខ្ពស់លើការវិវឌ្ឍន៍នៃការរាតត្បាតជំងឺកូវីដ-១៩ ជាពិសេសលើចរាចរណ៍នៃវីរុសកូវីដ-១៩ ដែលបានបំប្លែងខ្លួនថ្មី ដែលអ្នកវិទ្យាសាស្រ្ត វេជ្ជសាស្ត្របានរកឃើញជាបណ្តើរៗ និងដែលបានលើកឡើងរួមគ្នា ជាមួយអង្គការសុខភាពពិភពលោកពីភាពឆ្លងសាហាវហើយលឿន និងធ្ងន់ធ្ងរជាងវីរុស កូវីដ-១៩ ដែលកំពុងរាតត្បាតបច្ចុប្បន្ននៅក្នុងប្រទេស ក្នុងតំបន់ និង នៅលើ សកលលោកផងដែរ។
លោកបានបន្តទៀតថា៖ យើងមិនត្រូវមើលស្រាលលើលទ្ធភាពចម្លងរហ័ស និងភាពសាហាវធ្ងន់ធ្ងរបណ្តាលមកពីការវាយលុកនៃជំងឺកូវីដ-១៩ លើសរីរាង្គមនុស្សយើងនោះឡើយ ខណៈដែលសភាពចម្លងខ្លាំងក្លា និងភាពធ្ងន់ធ្ងរនៃជំងឺនេះ អាចកើតមានឡើងនៅក្នុងប្រទេសយើង គ្រប់ពេលវេលា គ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែង ប្រសិនបើបុគ្គលមិនបានការពារខ្លួនត្រឹមត្រូវទេនោះ។
បន្ថែមពីនេះទៀតត្រូវរួមគ្នាអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួនជានិច្ច នូវវិធានការការពារខ្លួនសាមញ្ញៗ និងត្រូវបន្ដប្រុងប្រយ័ត្ន ផ្ទាល់ខ្លួនពីការឆ្លងជំងឺកូវីដ-១៩ ដោយអនុវត្តឱ្យបាននូវវិធានការ បីកុំ និង បីការពារ រួមជាមួយនឹងវ៉ាក់សាំងកូវីដ-១៩ ដើម្បីបង្ការការពារកុំឱ្យសហគមន៍របស់យើង ឆ្លងវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មីនេះបាន។ហើយជាមួយគ្នានោះរាជរដ្ឋាភិបាលក៏បានចេញច្បាប់ថ្មីធ្វើការផាកពិន័យជាសាច់ប្រាក់ចំពោះអ្នកធ្វើដំណើរចេញក្រៅមិនពាក់ម៉ាស់ទៀតផង ។
លោកអភិបាលរងខេត្ត ក៏បានបញ្ជាក់បន្ថែមទៀតថា៖ប្រសិនបើមានអ្នកចំងាយមកពីក្រៅស្រុក ក្នុងមូលដ្ឋានរបស់ខ្លួន ត្រូវរាយការណ៍ មកអាជ្ញាធររបស់ខ្លួន ព្រមទាំងរៀបចំខ្លួនដាក់ដាច់ដោយឡែក ហើយប្រសិនបើមានការសង្ស័យថា មានជំងឺកូវីដ១៩ នេះត្រូវរាយការណ៍មកអាជ្ញាធរ ឬគ្រូពេទ្យដែលនៅជិត ដើម្បីពិនិត្យអោយបានទាន់ពេលវេលា។កន្លងមកនេះ អាជ្ញាធរក្រុងបានចុះធ្វើការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋតាមខ្នងផ្ទះគ្រប់ភូមិ និងសង្កាត់ទាំងអស់ទូទាំងខេត្តប៉ៃលិន៕