ពលរដ្ឋចំនួន១៥គ្រួសារ មានទំនាស់ដីធ្លីរ៉ាំរ៉ៃជាច្រើនឆ្នាំ ត្រូវបានអភិបាលខេត្តប៉ៃលិន ដោះស្រាយបញ្ចប់ឈរលើស្មារតីឈ្នះឈ្នះទាំងអស់គ្នា
ខេត្តប៉ៃលិន៖នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោកជំទាវ អភិបាលខេត្ត អញ្ជើញដឹកនាំមន្ទីរ អង្គភាពជំនាញ និងភាគីពាក់ព័ន្ធ បើកកិច្ចប្រជុំសម្របសម្រួល ដោះស្រាយទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋចំនួន១៥គ្រួសារ ស្ថិតនៅភូមិព្រលឹត ឃុំស្ទឹងកាច់ស្រុកសាលាក្រៅខេត្តប៉ៃលិន ។
ក្នុងកិច្ចសម្របសម្រួលលោកជំទាវបាន ស្រីមុំ អភិបាលខេត្តប៉ៃលិនបានអនុវត្តន៍តាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការស្នើអោយអភិបាលរាជធានី ខេត្ត ត្រូវព្យាយាមសម្របសម្រួល ដោះស្រាយបញ្ហាដីធ្លី ជូនប្រជាពលរដ្ឋក្រៅប្រព័ន្ធតុលាការអោយបានច្រើន ដោយតម្លាភាព យុត្តិធម៌ត្រឹមត្រូវ ។
ក្នុងកិច្ចសម្របសម្រួលនោះលោកជំទាវអភិបាលខេត្តបានស្តាប់អង្គហេតុ និងសាវតាប្រវត្តិដី របស់ភាគីពាក់ព័ន្ធទាំងអស់ រហូតបានឈានដល់ការសម្របសម្រួលដល់ភាគីដែលមានទំនាស់ទាំងអស់ អាចផ្សះផ្សាជាមួយគ្នា ទទួលបានការសម្បទាន និងការយោគយល់ចំពោះគ្នាទៅវិញទៅមក ឈានទៅរកការឈ្នះឈ្នះទាំងអស់គ្នាទទួលបានប្រយោជន៍រួមទាំងសងខាង ដោយគ្មានអ្នកឈ្នះ គ្មានអ្នកចាញ់ និងការឯកភាពគ្នាប្រកបដោយភាពរីករាយសប្បាយចិត្តរៀងៗខ្លួន៕