ក្រុមហ៊ុនប្តូរចង្កូតរថយន្តពីស្តាំ មកឆ្វេងចំនួន២ កំពុងលើកស្លាកត្រៀមបើកដំណើការ នៅខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ៖ក្រោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រកាសឲ្យយានយន្តដែលជ្រកក្រោមស្លាកលេខក្រសួងស្ថាប័នរដ្ឋ និងស្លាកលេខផ្សេងៗ ពិសេសរថយន្តចង្កូតស្ដាំ ចូលខ្លួនបំពេញកាតព្វកិច្ចពន្ធ និងអាករនាំចូល និងនីតិវិធីប្តូរចង្កូតពីស្ដាំមកឆ្វេង ដើម្បីយកទៅអនុវត្តន៍ធ្វើការចុះបញ្ជីសម្គាល់យានយន្តឱ្យបានត្រឹមត្រូវស្របច្បាប់ ដែលបានកំណត់នោះ សម្រាប់ខេត្តបន្ទាយមានជ័យឃើញថា មានក្រុមហ៊ុនចំនួនពីរកំពុងសុំច្បាប់បើកសាខាធ្វើអាជីវកម្ម
១/ ក្រុមហ៊ុនអេស.ធី.ភី អ៊ិនធើណេស្យូណល(ខេមបូឌា) ផាប្លិក កំពុងលើកស្លាកនៅចំណុចផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងភូមិក្បាលស្ពាន ឃុំព្រះពន្លា ក្រុងសិរីសោភ័ណ ទល់មុខស្នងការដ្ឋាននគរបាលខេត្ត និង២/ ក្រុមហ៊ុន សុវណ្ណយន្ត លើកស្លាកនៅផ្លូវជាតិលេខ៥ ជាប់របងខាងលិចមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ស្ថិតនៅក្នុងភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។
លោក សុក ចាន់ថា ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ក្រុមហ៊ុនធំទាំងពីរខាងលើគឺមានអាជ្ញាប័ណ្ណទទួលស្គាល់ពីក្រសួង ត្រឹមត្រូវសម្រាប់ទីតាំងនៅរាជធានីភ្នំពេញ ប៉ុន្តែសម្រាប់តាមខេត្ត ត្រូវសុំច្បាប់បើកសាខាបន្ថែមទៀត។ចំពោះបញ្ហារៀបចំទីតាំងរបស់ក្រុមហ៊ុនមិនមានជាបញ្ហាចោទនោះទេ ប៉ុន្តែមន្ទីរមិនទាន់អនុញ្ញាតឲ្យធ្វើសកម្មភាពបើកអាជីវកម្មរបស់ខ្លួននោះឡើយ ដោយរងចាំសុំច្បាប់អនុញ្ញាតឲ្យបានត្រឹមត្រូវជាមុនសិន។
លោកបញ្ជាក់ថា ការរៀបចំទីតាំងរបស់ក្រុមហ៊ុន មន្ទីរបានដឹងលឺ តែការអនុញ្ញាតឲ្យបើធ្វើអាជីវកម្មនូវមិនទាន់នៅឡើយ ប៉ុន្តែពេលនេះក្រុមហ៊ុនទាំងពីរកំពុងធ្វើនីតិវិធីសុំបើកអាជីវកម្មសាខានៅខេត្តបន្ទាយមានជ័យ ដោយធ្វើការរៀបចំទីតាំងជាមុនសិន នៅពេលសុំបានច្បាប់ហើយនោះ ទើបបានអនុញ្ញាតឲ្យបើកដំណើរការជាផ្លូវការណ៍តែម្ដង៕