បុរសម្នាក់ដាច់ចិត្តយកក្រម៉ា ចង.ក ធ្វើអត្តឃាតខ្លួនឯង ដោយសារតូចចិត្តនឹងប្រពន្ធស្តីបន្ទោសរឿងលក់គោញី២ក្បាលទៅធ្វើការនៅថៃ មិនបានទៅដូចបំណង
ខេត្តបន្ទាយមានជ័យ៖បុរសម្នាក់ដាច់ចិត្តយកក្រម៉ា ចង.ក ធ្វើអត្តឃាតខ្លួនឯងនៅនឹងដើមស្តៅចម្ងាយប្រមាណ៣០ម៉ែត្រ ខាងកើតផ្ទះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៦និង១៥នាទីព្រឹក ថ្ងៃទី២២ ខែ វិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិយាងវៀន ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ព្រោះតែរឿងអន់ចិត្តនឹងប្រពន្ធស្តីបន្ទោសបន្តិចបន្តួច រឿងលក់គោមេ០២ក្បាល ដើម្បីជាសោហ៊ុយទៅរកការងារធ្វើនៅប្រទេសថៃ។
ប្រភពព័ត៌មានពីនគរបាលស្រុកស្វាយចេក បានឲ្យដឹងថា៖បុរសដែលធ្វើអត្តឃាតខ្លួនឯងមានឈ្មោះ ភន់ ប៉េង ភេទប្រុស អាយុ៥៥ឆ្នាំ នៅចំណុចខាងលើ។
នគរបាលបន្តថា នៅមុនពេលកើតហេតុ បុរសនេះបានលក់គោមេចំនួន០២ក្បាលឲ្យក្មួយ បានតម្លៃប្រមាណជា១០ម៉ឺនបាត(ប្រាក់ថៃ) ដើម្បីយកលុយទៅធ្វើការនៅប្រទេសថៃ តែបែរជាមិនបានទៅដូចបំណង ក៏នឹកស្តាយគោ ពេលនោះប្រពន្ធក៏និយាយថា បើកុំលក់គោមានអី ដល់លក់ហើយមិនបានទៅថៃដដែល ចំណែកលុយក៏ចាយជិតអស់។ដោយនឹកស្តាយគោផង និងលឺសំដីប្រពន្ធនិយាយនោះផង។ក៏ស្រាប់តែបរសរូបនេះបានគិតខ្លីក៏សម្រេចចិត្តធ្វើអត្តឃាតខ្លួនឯង ដោយចង.ក ទៅនៅនឹងដើមស្តៅជិតផ្ទះមិនដឹងជាស្លាប់នៅតាំងពីពេលណា លុះវេលាព្រឹកម៉ោង០៦និង១៥នាទី ទើបក្រុមគ្រួសារដឹង។
ប្រភពដដែលបានបញ្ជាក់ថា៖ក្រោយពីទទួលបានព័ត៌មាន សមត្ថកិច្ចបានចុះកន្លែងកើតហេតុ ដើម្បីធ្វើការពិនិត្យសពរួមទាំងមេភូមិ មេឃុំ លោកគ្រូពេទ្យ តាមការពិនិត្យនៅលើខ្លួនសព ពុំឃើញមានស្លាកស្នាមអ្វីពាក់ព័ន្ធ និងអំពើឃាតកម្មនោះទេ ក្រុមការងារសន្និដ្ឋានថា បុរសរូបនេះពិតជាស្លាប់ដោយសារចងកសម្លាប់ខ្លួនឯងប្រាកដមែន។ក្រោយពិនិត្យរួចគណ:កម្មការបានប្រគល់សាកសពជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕