បុណ្យកឋិនទានសាមគ្គីវត្តស្រះរាំង ស្រុកមង្គលបូរី
ខេត្តបន្ទាយមានជ័យ៖ថវិកា៣៦,៨៧០,០០០រៀលប្រាក់បាតថៃ១៤,៣១០បាត និងប្រាក់ដុល្លារសហរដ្ឋអាមេរិកចំនួន ២,៤៥០ដុល្លារ ត្រូវបានវេរប្រគេនដល់ព្រះសង្ឃសម្រាប់ តម្កល់ទុកកសាងនូវសមិទ្ធផលនានាក្នុងវត្ត នាឱកាសបុណ្យកឋិនទានសាមគ្គីដែលជាទានក្នុងព្រះវិន័យ ដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់ ព្រះអង្គទ្រង់អនុញ្ញាតិឲ្យកើតមានឡើង ក្នុងព្រះពុទ្ធសាសនា ដើម្បីអនុគ្រោះដល់ភិក្ខុសង្ឃ ដែលបានគង់ចាំព្រះវស្សាអស់កាលត្រីមាស ៣ខែ ក្នុងវត្តស្រះរាំង ឃុំស្រះរាំង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដែលអ្នកផ្ដើមបុណ្យកឋិនទាននេះ រួមមានមន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមានជ័យ ប្រជាពុទ្ធបរិស័ទជិតឆ្ងាយបានមូលមតិគ្នាជាឯកច្ឆ័ន្ទ ផ្ដើមធ្វើបុណ្យកឋិនទានដង្ហែឆ្ពោះទៅកាន់វត្តស្រះរាំងនៅរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ដើម្បីប្រមូលបច្ច័យកសាងសាលាធម្មសភា ជួសជុលព្រះវិហា ព្រមទាំងកសាងសមិទ្ធផលផ្សេងៗទៀត។
លោក បៀវ ថាន ប្រធានមន្ទីរធម្មការ និងសាសនាខេត្តបន្ទាយមានជ័យ ដែលជាម្ចាស់ នៃអង្គកឋិនផងនោះបានមានប្រសាសន៍ថា ថ្ងៃនេះជាថ្ងៃដ៏បវរ ប្រកបដោយនក្ខត្តឫក្ស អធិមង្គល យ៉ាងត្រចះត្រចង់ ឧត្តុង្គឧត្តមមួយ ដែលយើងជាម្ចាស់ដើមទានប្រធានបុណ្យនៃអង្គកឋិនទានទាំងអស់ បាននិងកំពុងញាំងកុសលចេតនា ជ្រះថ្លាឲ្យផុះផុលចេញជា ឧត្តមទានមួយ ឈ្មោះអង្គកឋិនទានមហាសាមគ្គី ជាទានមានផល្លានិសង្ឃយ៉ាងវិសេសវិសាលមួយក្នុងព្រះពុទ្ធសាសនា។
លោក បៀវ ថាន បន្តថា បុណ្យកឋិនទានមហាសាមគ្គី ដែលបានឧប្បត្តិកឡើងនាពេលនេះគឺជាទានដ៏ប្រសើរ វិសេសវិសាលមួយដែលផុសចេញពីទឹកចិត្ត ដិតជាប់បសាទសទ្ធាក្លៀវក្លាបរិសុទ្ធ សម្បយុត្តដោយប្រាជ្ញា ជាអសង្ខារិកៈរបស់យើងខ្ញុំទាំងអស់គ្នា ដែលជាម្ចាស់កឋិនទានមហាសាមគ្គី បានឯកភាពគ្នាជាឯកច្ឆ័ន្ទ ចំណាយទ្រព្យធនធានកសាងឲ្យកើត ជាបុណ្យកឋិនទានមហាសាមគ្គីនេះឡើង ដើម្បីនាំយកនូវត្រៃចីវរ និងប្រាក់មួយចំនួនមកវេរប្រគេន ចំពោះភិក្ខុសង្ឃនាថ្ងៃនេះ មានគោលបំណងសំខាន់ៗដូចខាងក្រោម
១.ដើម្បីទ្រទ្រង់នូវប្រពៃណីរបស់បុព្វបុរស ឲ្យមានសកម្មភាពរស់រវើកឡើងវិញ។
២.ដើម្បីអនុគ្រោះ ឬលើកទឹកចិត្តចំពោះភិក្ខុសង្ឃ ដែលបានខិតខំយកព្រះទ័យទុកដាក់រៀនសូត្រ ប្រតិបត្តិធម៌ព្រមទាំងការគោរពកិច្ចចាំវស្សា អស់ត្រីមាស ៣ខែ ក្នុងរដូវវស្សា ដើម្បីឲ្យលោកបានទទួលក្រាលគ្រងឬអនុមោទនាកឋិន ហើយនឹងបានសម្រេចនូវអានិសង្ឃ ៥ប្រការ។
៣.ដើម្បីបានជាកំណប់ទ្រព្យកប់ទុកក្នុងជីវិតទៅក្នុងអនាគតជាតិ។
ជាចុងក្រោយលោក បៀវ ថាន ក៏បានបញ្ជាក់ផងដែរថា ស្របពេលរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបើកប្រទេសឡើងវិញក្រោយពីវិបត្តិជំងឺកូវី១៩ បានថមថយក៏ពិតមែន ក៏សូមបងប្អូនប្រជាពុទ្ធបរិស័ទទាំងអស់ ចូលប្រុងប្រយ័ត្នអនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលជាដដែល គឺ ៣ការពារ ៣កុំឲ្យបានខ្ជាប់ខ្ជួនផងដែរ៕