រថយន្តRoll Royceបើកបុកក្បាលនាគពុះចែកទ្រូងផ្លូវយប់មិញ ត្រូវប្រភពទម្លាយថា ជារបស់ដេត ម៉ា លីណា
រាជធានីភ្នំពេញ៖មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏ភ្ញាក់ផ្អើលដែលបង្កឡើងដោយរថយន្តស៊េរីទំនើប Rolls-Royce មួយគ្រឿងបានបើកបោះពួយទៅបុកនឹងរនាំងក្បាលនាគពុះចែកទ្រូងផ្លូវបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំតែសំណាងល្អមិនបង្កឱ្យមានអ្នករងរបួស។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ នៅចំណុចមុខក្រុមហ៊ុនប៊ូយ៉ុងបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។បន្ទាប់ពីកើតហេតុភ្លាមៗនោះអ្នកបើករថយន្តស៊េរីទំនើបខាងលើបានគេចខ្លួនបាត់ស្រមោល។ប៉ុន្តែបើតាមភិនភាគស្លាកលេខរថយន្ត និងប្រភពព័ត៌មានបានឲ្យដឹងថា ម្ចាស់រថយន្តនេះ គឺអ្នកនាង ដេត ម៉ាលីណា ដែលជាអតីតភរិយា លោកឌួង ឆាយ។
ប្រភពខាងលើបន្តថា ក្រោយមកអ្នកនាង ដេត ម៉ា លីណា ក៏បានបើករថយន្តម៉ាករ៉ូរ៉យ(Roll Royc e)ពណ៌សពាក់ស្លាកលេខកម្ពុជា MR.IDOLនៅក្នុងស្ថានភាពស្រវឹងស្រាជោគជាំក៏បានបោះពួយក្នុងល្បឿនយ៉ាងលឿនដូចហោះចេញទៅលុះមកដល់ចំណុចកើតហេតុក៏បានជ្រុលចង្កូតទៅបុកនឹងរបាំងចែកទ្រូងផ្លូវចំពាក់កណ្តាលរថយន្ត បណ្តាយអោយរងការខូចខាតផ្នែកខាងមុខ នៃរថយន្តយ៉ាងខ្លាំង និងបណ្តាលអោយបាក់បង្គោលភ្លើងបំភ្លឺផ្លូវសាធារណៈផងដែរ។
ដោយឡែកក្រោយពេលកើតហេតុប៉ុន្មាន ម៉ោងគេឃើញលោក ឌួង ឆាយ ដែលជាអតីតស្វាមីបានប ង្ហោះសាររៀបរាប់ថា“អ្នកជាម្តាយកូនៗរបស់យើងខ្ញុំសង្ឃឹមថា អ្នកនឹងមិនមានគ្រោះថ្នាក់អ្វីកើតឡើងចុះ ។អានិតកូនៗយើង”។សូមបញ្ជាក់ថាបច្ចុប្បន្ន រថយន្តត្រូវបានសមត្ថកិច្ច យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕