ទំនិញចម្រុះខូចគុណភាពជិត៣តោន ត្រូវបានមន្ត្រីជំនាញម្រមូលដុតកម្ទេចចោល នៅក្បែរមន្ទីរពិសោធខា្នតតូច របស់មន្ត្រីជំនាញក.ប.ប ក្រុងប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ៖មន្ត្រីជំនាញសាខា ក.ប.ប ខេត្តបន្ទាយមានជ័យ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ បានយកទំនិញខូចគុណភាពជាច្រើនប្រភេទសរុបទម្ងន់ជិត៣តោន ធ្វើការដុតកំទេចចោល នៅចំណុចក្បែរមន្ទីរពិសោធខា្នតតូច របស់មន្ត្រីជំនាញក.ប.ប ស្ថិតនៅក្នុងភូមិបាលិលេយ្យ២ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយពីដកហូតពីក្រុមឈ្មួញដែលនាំចូលពីក្រៅប្រទេសតាមច្រករបៀង ក្រុមអាជីវករ និងប្រជាពលរដ្ឋយកទៅដាក់តាំងលក់នៅតាមតូបក្នុងផ្សារ ម៉ាត និងតាមផ្ទះ ទូទាំងខេត្តបន្ទាយមានជ័យ កាលពីពេលថ្មីៗកន្លងទៅនេះ។
លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ការដុតបំផាញនេះគឺអនុវត្តត្រឹមត្រូវតាមនិតិវិធីរបស់តុលាការ ដោយព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានចេញសេចក្តីសម្រេចឲ្យធ្វើការដុតបំផ្លាញចោល។
លោកបញ្ជាក់ថា ទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទដែលយកទៅដុតកម្ទេចចោលនាពេលនេះ គឺបានមកពីកិច្ចសហការរវាងមន្ទីរពាណិជ្ជកម្មខេត្ត និងមន្ត្រីជំនាញ ក.ប.ប ក្នុងការចុះត្រួតពិនិត្យរកផលិតផលខួចគុណភាព ព្រមទាំងដកហូតពីអាជីវករដែលដាក់តាំងលក់នៅតាមតូប ក្នុងផ្សារ និងឈ្មួញដែលនាំចូលពីក្រៅប្រទេសតាមច្រករបៀង បានជាបន្តបន្ទាប់ធ្វើយ៉ាងណាដើម្បីថែរក្សា និងការពារសុខុមាលភាពជូនប្រជាពលរដ្ឋ ពីព្រោះរាល់ថ្ងៃនេះបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋអាចប្រឈមនឹងហានិភ័យខ្ពស់ ដោយសារតែការទទួលទានមុខទំនិញ និងផលិតផលម្ហូបអាហារខូចគុណភាព។
ផលិតផលខូចគុណភាព និង ហួសកាលបរិច្ឆេទប្រើប្រាស់ ដែលត្រូវបានជំនាញធ្វើការឃាត់ ចាប់ និងដកហូតនៅតាមទីផ្សារ និងសកម្មភាពដឹកជញ្ជួនខុសច្បាប់តាមច្រករបៀងចេញពីប្រទេសថៃ រួមមាន៖
- នំធុងមានចំនួន ៦៨ធុង ស្មើ២៧២គីឡូ ក្រាម
- ទឹកដោះគោ Dutch Mill មានចំនួន២០៧០ដប ស្មើ ១,៧១៨.១០គីឡូ ក្រាម
- ទឹកដោះគោស្រស់ Meji មាន ចំនួន ៣០០ដប ស្មើ៦០០លីត្រ
- យ៉ាអ៊ួរ Dutch Nata De Coco មាន ចំនួន ២១យួរ ស្មើ ៦៥.៥២គីឡូ ក្រាម សរុបមានចំនួន២,៦៥៥.៦២គីឡូ ក្រាម ផងដែរ។
ជាមួយគ្នានោះដែរលោក សាន វិជ្ជាសារ៉ាវុធ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អាជីវករទាំងអស់មុនទិញ នឹងដាក់លក់ទំនិញ ពិសេសចំណីហារ ត្រូវពិនិត្យថ្ងៃខែបរិច្ឆេទឲ្យបានត្រឹមត្រូវដើម្បីជៀសវាងការទិញប៉ះចំទំនិញខូចគុណភាព នាំឲ្យខាតបង់ថវិការពិសេសប៉ះពាល់ដល់សុខភាពតែម្តង៕