បើបរម៉ូតូវ៉ាជែងខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុកជាមួយរថយន្តធន់ធំ ក្នុងទិសដៅបញ្ច្រាស់គ្នា បណ្តាលឲ្យបុរសម្នាក់បានស្លាប់ភ្លាមៗ នៅនឹកកន្លែង
ខេត្តកណ្តាល៖ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយម៉ូតូមួយគ្រឿងបើកវ៉ាជែងខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកជាមួយរថយន្តធន់ធំ បើកបរក្នុងទិសដៅបញ្ច្រាស់គ្នា បណ្តាលឲ្យបុរសម្នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែង កាលពីវវេលាម៉ោងជាង១រសៀល ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវជាតិលេខ៤១ ស្ថិតក្នុងភូមិពន្លឺ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតខាងលើមានឈ្មោះ ម៉ឺន សារ៉ាន់ ភេទប្រុស អាយុ៣៦ឆ្នាំ ជាជនជាតិខ្មែរ ទីលំនៅភូមិមង្គលបូរី ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្ដាល។
សមត្ថកិច្ចបានឲ្យដឹងទៀតថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤១ ក្នុងទោសដៅពីត្បូងទៅជើង (ស្ពានគុណគ្រូ-ថ្នល់ទទឹង) លុះដល់ចំណុចកើតហេតុខាងលើ បានឡើងវ៉ាខាងឆ្វេង រថយន្ត០១គ្រឿងមិនដឹងម៉ាក ក៏ជ្រុលទៅបុករថយន្ត០១គ្រឿងទៀតម៉ាកហ្វុយហ្សូ (ប្រភេទដឹកទំនិញ ) ពណ៌បៃតង ពាក់ស្លាកលេខ តាកែវ ៣A-០២៨២ ដែលបើកមកពីទិសខាងជើងទៅ ត្បូង(ថ្នល់ទទឹង-ស្ពានគុណគ្រូ) ក្នុងទិសដៅបញ្ច្រាសគ្នា បណ្ដាលឲ្យអ្នកបើកបរម៉ូតូដួលចូលក្រោមកង់មុខខាងឆ្វេង រថយន្ត កិនស្លាប់នៅនឹងកន្លែងកើតហេតុតែម្ដង។
ចំណែកអ្នកបើកបររថយន្ត ក្រោយកើតហេតុ បានចុះពីលើរថយន្តរត់គេចខ្លួនបាត់។ ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅដល់ធ្វើការពិនិត្យវាស់វែង និងបានដឹកយកមធ្យោបាយពាក់ព័ន្ធយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីចាត់ការតាមនិតិវិធីច្បាប់។ ដោយឡែកសាកសពជនរងគ្រោះ សមត្ថកិច្ចបានប្រគល់ឲ្យទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕