បញ្ជូនខ្លួន ថៃ ស្រីនាង រកស៊ី Live លក់ផលិតផលតាម Facebook ដែលបញ្ចេញអស់កេរ្តិ៍ខ្មាស ទៅកាន់តុលាការ
រាធានីភ្នំពេញ៖ទើបតែធ្វើកិច្ចសន្យានៅចំពោះមុខសមត្ថកិច្ច បែរជាស្ត្រីរកស៊ី Live លក់ផលិតផលតាម Facebook រូបនេះនៅតែបន្តបញ្ចេញអស់កេរ្តិ៍ខ្មាសល្មើសម្តងទៀត ថែមទាំងបានរិះគន់មន្រ្តីអាជ្ញាធរនៅលើបណ្តាញសង្គម Facebook ទៀតផងនោះ។នៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០នេះ សមត្ថកកិច្ចបាននាំខ្លួនស្ត្រីឈ្មោះថៃ ស្រីនាង ទៅកាន់តុលាការ ដើម្បីបន្តការសួរនាំចាត់ការតាមច្បាប់។
សូមបញ្ជាក់ផងដែរថា ស្ត្រីរូបនេះត្រូវគេស្គាល់ឈ្មោះ វ៉ែន រចនា ហៅ ថៃ ស្រីនាង អាយុ៣៩ឆ្នាំ មានទីលំនៅក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ជាអ្នកលក់ផលិតផលអនឡាញ តាមបណ្តាញសង្គម ដោយបានបញ្ចេញសាច់ និងកន្លែងកេរ្តិ៍ខ្មាសមួយចំនួន ដែលអំពើទាំងនោះបានរងការរិះគន់យ៉ាងចាស់ដៃ។
គួរបញ្ជាក់ដែរថា ថៃ ស្រីនាង ដែលមហាជនតែងតែឃើញសកម្មភាពលក់ផលិតផលតាម Facebook ជាមួយការស្លៀកពាក់មិនសមរម្យខ្លាំង ឬSexy និងត្រូវបានអ្នកលេង Facebook នាំគ្នារិះគន់ខ្លាំងៗនោះនៅថ្ងៃទី១៩ ខែកុម្ភៈ បានធ្វើកិច្ចសន្យាជាមួយអាជ្ញាធរ និងសមត្ថកិច្ច ទទួលស្គាល់កំហុសរបស់ខ្លួន ព្រមទាំងLive Video សុំទោសជាសាធារណៈចំពោះការស្លៀកពាក់របស់ខ្លួនកន្លងមកផងដែរ។
សម្រាប់ករណីនេះ កម្លាំងសមត្ថកិច្ច នឹងបន្ដចាត់វិធានចំពោះអ្នកលក់ផលិតផលតាមអនឡាញលើបណ្តាញសង្គម Facebook ដទៃទៀត ដែលបញ្ចេញសាច់ និងកន្លែងកេរ្តិ៍ខ្មាសហួសហេតុ ដើម្បីតែទាក់ទាញចំណាប់អារម្មណ៍អ្នកទិញបន្តទៀត។
ការនាំខ្លួនស្ត្រីខាងលើមកព្រមាន និងធ្វើកិច្ចសន្យា មិនរាងចាលរហូតឈានដល់កាឃាត់ខ្លួនបញ្ជូនទៅតុលាការនេះបានធ្វើឡើង បន្ទាប់ពីម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានបញ្ជាទៅក្រសួងប្រៃសនីយ និងទូរគមនាគមន៍ ឲ្យបិទរាល់គណនី Facebook ផ្សាយលក់ផលិតផល ដែលបញ្ចេញអស់កេរ្តិ៍ខ្មាស នាំឱ្យប៉ះពាល់ដល់ស្ត្រីខ្មែរនិងមានការបំពានផ្លូវភេទស្រី ក្នុងសង្គមនាពេលបច្ចុប្បន្ន ហើយអាចនាំឲ្យកើតមានករណីចាប់រំលោភផងដែរ៕