ឡើងវ៉ាខ្វះការប្រុងប្រយ័ត្ន ទាក់ដៃចង្កូតជ្រុលទៅបុករថយន្ត បណ្ដាលឱ្យបុរសម្នាក់ស្លាប់ភ្លាមៗ
ខេត្តកណ្ដាល៖បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ដោយបើកម៉ូតូឡើងវ៉ាជែងម៉ូតូមួយគ្រឿងទៀត ទាក់ដៃចង្កូតជ្រុលទៅបុករថយន្ត ។
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងរថយន្តនេះបានកើតឡើងកាលពីវេលាម៉ោង១៥នឹង១០នាទី ថ្ងៃអាទិត្យ ០៨រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព-ស២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវលេខ៣៨០ ស្ថិតនៅក្នុងភូមិក្ដីចាស់ ឃុំព្រែកលួង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
បើតាមប្រភពព័ត៌មានបានឱ្យដឹងថា មុនកើតហេតុគេបានឃើញម៉ូតូមួយគ្រឿងម៉ាកHONDA C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខកំពង់ចាម1J-6936 បើកបរ ដោយឈ្មោះជី ចៀន ភេទប្រុស អាយុ៤៤ឆ្នាំ នៅភូមិព្រែកអំពិល ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល(ស្លាប់នៅនឹងកន្លែងកើតហេតុ)(ពាក់មួកសុវត្ថិភាព)បើកបរក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់កន្លែងកើតហេតុខាងលើ បានឡើងវ៉ាជែងម៉ូតូមួយគ្រឿងទៀត ដោយខ្វះការប្រុងប្រយត្ន័ ក៏បានជ្រុលទៅបុក រថយន្ដធន់ធំមួយគ្រឿង មិនស្គាល់ម៉ាក បើកបរក្នុងទិសដៅពីជើងទៅត្បូង បណ្តាលឱ្យស្លាប់នៅនឹងកន្លែង។
ក្រោយពេលកើតហេតុសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់អោយទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីតាមប្រពៃណី។ចំណែកវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញធ្វើការវាស់វែងយកមករក្សាទុកនៅអធិការនគរបាលស្រុកខ្សាច់កណ្ដាល៕