សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដឹកនាំគណៈប្រតិភូសភា ត្រឡប់ពីចូលរួមកិច្ចប្រជុំប្រចំាឆ្នាំAPPF នៅប្រទេសអូស្រា្តលី ដោយសុវត្ថិភាព
រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០នេះ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា និវត្តន៍មកកាន់មាតុប្រទេសវិញប្រកបដោយសុវត្ថិភាព បន្ទាប់ពីបានចូលរួមកិច្ចប្រជុំប្រចំាឆ្នាំលើកទី២៨ វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលហៅកាត់ថា APPF នៅទីក្រុងកង់បេរ៉ា ប្រទេសអូស្ត្រាលី និងប្រកបដោយភាពជោគជ័យ ក្នុងពង្រឹងពង្រីកវិស័យការទូតសភានៅលើឆាកអន្តរជាតិ ទាំងក្របខ័ណ្ឌពហុភាគីនិងទ្វេភាគី។
សភាប្រទេសអូស្រ្តាលី បានធ្វើជាម្ចាស់ផ្ទះ APPF ក្រោម មូលបទ «ភាពជាដៃគូសភាសម្រាប់ឆ្នាំ២០២០ និងឆ្នំាបន្តបន្ទាប់» ដោយមានគណៈប្រតិភូជាង៣៥០នាក់ ជាសមាជិក និងអ្នកសង្កេតការណ៍បានចូលរួម។
សម្តេចប្រធានរដ្ឋសភា ត្រូវបានសភាប្រទេសអូស្ត្រាលី ដែលជាម្ចាស់ផ្ទះ ផ្តល់កិត្តិយសចូលរួមក្នុងកិច្ចប្រជុំ គណៈកម្មាធិការប្រតិបត្តិ និងបានថ្លែងសន្ទរកថា គន្លឹះក្នុងពិធីបើកកិច្ចប្រជុំជាផ្លូវការ។សភាប្រទេសអូស្រ្តាលី និងប្រតិភូដែលបានចូលរួម បានសម្តែងការកោតសរសើរចំពោះសម្តេច ដែលបានដឹកនាំ សភាកម្ពុជា រៀបចំកិច្ចប្រជុំ APPF លើកទី២៧ កាលពីឆ្នាំកន្លងទៅនៅសៀមរាប បានទទួលជោគជ័យ។ជោគជ័យនៅកម្ពុជានោះ ធ្វើឲ្យការប្រជុំរបស់APPF កាន់តែលក្ខណៈល្អប្រសើរឡើង។
កំឡុងពេលចូលរួមកិច្ចប្រជុំនេះ សម្តេចអគ្គមហាពញាចក្រី បានជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាអូស្រ្តាលី ដើម្បីជំរុញទំនាក់ទំនងសភាសភាប្រទេសទំាងអោយកាន់តែរឹងមាំ និងស្នើសុំអូស្តា្រលីជូយផ្សព្វផ្សាយពីសក្តានុពលរបស់កម្ពុជាក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍។
សម្តេចក៍បានស្នើអូស្រ្តាលីផ្តល់អាហារូបករណ៍ដល់មន្រ្តីរាជការនិងនិស្សិតកម្ពុជា ឲ្យច្រើនបន្ថែមទៀត។ក្រៅពីនេះ សម្តេចប្រធានរដ្ឋសភា បានជួបពិភាក្សាការងារជាមួយលោកជំទាវប្រធានរដ្ឋសភាប្រទេសឡាវ លោកជំទាវអនុប្រធានរដ្ឋសភាប្រទេសវៀតណាម ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងសភាប្រទេសទំាងពីរ និងបានផ្លាស់ប្តូរព័ត៌មានបច្ចុប្បន្នភាពពីគ្នាទៅវិញទៅមក លើកកម្ពស់ចំណង មិត្តភាព កិច្ចសហប្រតិបត្តិការល្អក្នុងនាមប្រទសជិតខាង។
កិច្ចប្រជុំប្រចំាឆ្នាំ APPF លើកទី២៨ បានបិទបញ្ចប់ដោយបានអនុម័តសេចក្តីសម្រេចចំនួន១៩ ជាយន្តការ មួយក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ លើកកម្ពស់តួនាទីសភាក្នុងការពង្រឹងសន្តិភាពនិងសន្តិសុខ ការពង្រឹងស្ថាប័នពហុភាគី ដើម្បីអនុវត្តពាណិជ្ជកម្មសេរី និងរួមគ្នាឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុឆ្ពោះទៅរកការរីកចម្រើនប្រកបដោយចីរភាព និងវិបុលភាព នៅក្នុងតំបន់ និងសភាលោក។កិច្ចប្រជុំ APPF លើកទី២៩ នឹងប្រារព្ធធ្វើនៅសាធារណរដ្ឋកូរ៉េ ក្នុងឆ្នាំ២០២១ និងនៅព្រះរាជាណាចក្រថៃ ក្នុងឆ្នាំ២០២២៕