សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យស្ថាប័នជាតិ និងថ្នាក់ក្រោមជាតិ ចាត់ទុកអ្នកសារព័ត៌មាន ជាដៃគូរ មិនអាចខ្វះបាន របស់ស្ថាប័នខ្លួន
រាជធានីភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើការណែនាំដល់អ្នកសារព័ត៌មានតាមអនឡាញមួយចំនួន សូមចូលរួមគោរពទៅតាមវិជ្ជាជីវៈព័ត៌មាន អោយបានត្រឹមត្រូវ និងត្រូវគោរពសិទ្ធិអ្នកដ៏ទៃ មិនមែនចេះតែផ្សាយតាមចិត្តនោះទេ។ក្នុងនោះសម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានដាក់ពាក់ស្លោកដ៏សំខាន់មួយសម្រាប់អ្នកសារព័ត៌ថា «អ្នកសារព័ត៌មានកុំបំពានសិទ្ធិអ្នកដ៏ទៃ កុំភ្លៃការពិត» ដើម្បីពង្រឹងវិជ្ជាជីវៈ និងជំនឿទុកចិត្តដល់មហាជនផងដែរ។
សម្តេចតេជោមានប្រសាសន៍បែបនេះ ក្នុងឱកាសដែលសម្តេច អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយអ្នកព័ត៌មានសរុបជាង៥ពាន់នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ នាល្ងាចថ្ងៃអង្គារ ៥រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងទី១៤ ខែមករា ឆ្នាំ២០២០។
ទន្ទឹមនឹងនោះដែរសម្តេចតេជោ ក៏បានថ្លែងអំណរគុណដល់រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលបានអបអរសាទរថ្ងៃខួប៣៥ឆ្នាំ ដែលសម្តេចតេជោឡើងកាន់ដំណែងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសូមអរគុណដល់សមាគមសារព័ត៌មានទាំងអស់ ដែលកន្លងមកបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងវិស័យព័ត៌មាន និងក៏សូមអរគុណដល់គ្រប់ស្ថាប័នទាំងអស់ដែលបានចូលរួមសហការជាមួយអ្នកសារព័ត៌មាន ក្នុងការផ្តល់ព័ត៌មានពីស្ថាប័នរបស់ខ្លួន។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បញ្ជាក់ថា បច្ចុប្បន្ននេះវិស័យសារព័ត៌មាន កំពុងមានការីកចម្រើនយ៉ាងខ្លាំង។ដើម្បីផលិតព័ត៌មានឲ្យបានល្អ អ្នកសារព័ត៌មានទាំងអស់ ត្រូវយល់ដឹងឲ្យបានច្បាស់នូវរឿងរ៉ាវពិត ដែលបានកើតមានឡើងក្នុងសង្គម ជាពិសេសត្រូវ សរសេរព័ត៌មានទាំងល្អ និងមិនល្អដើម្បីចូលរួមធ្វើការកែលម្អ ក្នុងន័យស្ថាបនាអភិវឌ្ឍន៍សង្គម ឲ្យរីកចម្រើន។
ក្នុងនោះសម្តេចតេជោ បានសំណូមពរដល់ស្ថាប័នសារព័ត៌មានទាំងអស់នូវចំនុចសំខាន់ៗមួយចំនួនដូចជា៖
១) អ្នកសារព័ត៌មានទាំងអស់ ត្រូវចូលររួមថែរក្សាសន្តិភាព តាមរយៈការផ្សព្វផ្សាយអ្វីដែលជាការពិត។ក្នុងនោះសម្តេចតេជោ ក៏សូមអោយអ្នកសារព័ត៌ទាំងអស់ត្រូវប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ តាមរយៈការផ្សាយព័ត៌ដែលពិត។ស្ថាប័នព័ត៌មានទាំងអស់ ត្រូវដើរតួនាទីជាស្ថាប័នព័ត៌មានពិត គឺជាកញ្ចក់ឆ្លុះបញ្ចាំងពីសង្គមជាតិពិតប្រាកដ។
២) ស្ថាប័នជាតិ និងថ្នាក់ក្រោមជាតិត្រូវមានអ្នកនាំពាក្យច្បាស់លាស់មួយ ក្នុងការឆ្លើយតបជាមួយសារព័ត៌មាននានា តាមរយៈការផ្តល់ដំណឹង ឬរឿងរ៉ាវអ្វីមួយដែលកើតចេញពីស្ថាប័នរបស់ខ្លួន។យើងមិនត្រូវខ្លាចអ្នកសារព័ត៌មាននោះទេ ត្រូវចាត់ទុកអ្នកសារព័ត៌ជាដៃគូរមិនអាចខ្វះបានរបស់ស្ថាប័នខ្លួន។
៣) ស្នើអោយសារព័ត៌មាន ត្រូវធ្វើជាស្ពានចម្លងពីរដ្ឋាភិបាលទៅប្រជាពលរដ្ឋ ត្រូវចេះចូលរួមជួយរិះគន់ ដើម្បីស្ថាបនារាល់កំហុសឆ្គង និងផែនការដែលបានដាក់ចេញ នៃក្រសួងស្ថាប័ននានា ដើម្បីធ្វើការកែលំអរ។ គ្រប់អ្នកនាំពាក្យតាមក្រសួងស្ថាប័នត្រូវតែមានការការបកស្រាយបំភ្លឺដល់អ្នកសារព័ត៌មាន អោយបានឆាប់រហ័ស ដើម្បីអោយប្រជាពលរដ្ឋបានដឹងជ្រួតជ្រាប។
៤) អ្នកសារព័ត៌មានទាំងអស់ត្រូវចូលរួមផ្សព្វផ្សាយពីអំពើអសកម្មនានាក្នុងសង្គម និងអំពើពុករលួយផ្សេងៗ ដើម្បីបង្ហាញពីភាពស្អាតស្អំរបស់កម្ពុជា។អ្នកសារព័ត៌ត្រូវហ៊ានបង្ហាញការពិត។
៥) ត្រូវប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដោយត្រូវហ៊ានបង្ហាញនូវព័ត៌មានពិតប្រាកដ។
៦) ត្រូវខិតខំអភិវឌ្ឍ ផ្ទេការផ្សាយពីប្រព័ន្ធ អាណាឡុង (Analog system) ទៅកាន់ឌីជីថល(Digital system) ។សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ថា សិទ្ធិទទួលបានព័ត៌មានត្រូវចេញអោយបានក្នុងឆ្នាំ២០២០នេះ ខណៈដែលសិទ្ធិនេះត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានស្នើជាយូរឆ្នាំមកហើយនោះ។
៧)ត្រូវខិតខំការបណ្តុះបណ្តាលធនធានមនុស្ស បន្ថែមទៀតក្នុងវិស័យព័ត៌មាន។ ត្រូវខិតខំផលិតព័ត៌មានអោយបានលឿនរហ័ស និងអាចជឿទុកចិត្តបាន។
ទាក់ទងទៅនឹងការស្នើសុំរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន អោយមានមេធាវីការពារក្តីដល់អ្នកសារព័ត៌មាននោះ សម្តេចតេជោបានសម្រេចជួយការពារដោយមានលក្ខខ័ណ្ឌ ដោយផ្អែកទៅតាមអង្គហេតុ និងអង្គច្បាប់ មិនមែនការពារអ្នកសារព័ត៌មានដែលគ្មានក្រមសីលធម៌ ឬគ្មានវិជ្ជាជីវៈសារព័ត៌នោះឡើយ។ជាមួយគ្នានេះ សម្តេចតេជោក៏បានចាត់អោយលោក គី តិច ដែលជាមេធាវីរបស់សម្តេចផ្ទាល់ទទួលពិនិត្យលើរឿងនេះដោយផ្អែកទៅតាមអង្គហេតុ និងអង្គច្បាប់ផងដែរ៕