បញ្ជូនខ្លួនជនសង្ស័យចំនួន២នាក់ ទៅកាន់តុលាការខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធទៅនឹងករណីគ្រឿងញៀន
ខេត្តបន្ទាយមានជ័យ៖ជនសង្ស័យចំនួន២នាក់ ដែលជាប់ពាក់ព័ន្ធទៅនឹងករណីគ្រឿងញៀន ត្រូវបានអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនទៅកាន់តុលាការខេត្ត នៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ ដើម្បីចាត់ការបន្តតាមនិតិវិធី ក្រោយពីអាវុធហត្ថក្រុងប៉ោយប៉ែត ចាប់ឃាត់ខ្លួន។
បើតាមលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការអាវុធហត្ថក្រុងបានឲ្យដឹងថា នៅវេលាម៉ោង១១ និង០០នាទីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំងមូលដ្ឋានអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍មកថា មានជនមិនស្គាល់អត្តសញ្ញាម្នាក់បានកំពុងចែកចាយគ្រឿងញៀន នៅចំណុចផ្សារយួន ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាមលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានអាវុធហត្ថក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងចុះទៅដល់គោលដៅ ហើយធ្វើការឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ទេព អ៊ូ ភេទប្រុស អាយុ៣២ឆ្នាំ និងដកហូតបានគ្រឿងញៀនប្រភេទម្សៅក្រាមពណ៌ស ចំនួន០៦កូនថង់តូច និងគ្រាប់ថ្នាំយ៉ាម៉ាពណ៌ក្រហមចំនួន០៣ថង់តូច ស្មើនឹង២១គ្រាប់ (ពណ៌ខ្មៅ០១គ្រាប់)។
លោកមេបញ្ជាការបន្តថា ភ្លាមៗនោះកម្លាំងបានសាកសួរជនសង្ស័យ ជនសង្ស័យបានឆ្លើយថា ខ្លួនគេបានទិញថ្នាំញៀននេះពីឈ្មោះ ប៉ែន ដា ភេទប្រុស អាយុ៥៨ឆ្នាំ ពេលនោះកម្លាំងបន្តឃាត់ខ្លួនជនសង្ស័យខាងលើបានម្នាក់ទៀត នៅចំណុចនាគទិព្វ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត នៅវេលាម៉ោង១២ និង០០នាទី ថ្ងៃខែដដែល ហើយបញ្ជូនមកមូលដ្ឋានអាវុធក្រុង ដើម្បីធ្វើការសាកសួរចម្លើយ ក្រោយពីសាកសួរចម្លើយរួចជនសង្ស័យឈ្មោះ ទេព អ៊ូ (ហៅហេង) បានឆ្លើយសារភាពថា ខ្លួនគេពិតជាបានទិញគ្រឿងញៀនទាំងអស់នេះពីឈ្មោះ ប៉ែន ដា ដើម្បីយកមកលក់បន្តពិតប្រាកដមែន ចំណែកឈ្មោះ ប៉ែន ដា ឆ្លើយថាខ្លួនគេស្គាល់ឈ្មោះ ទេព អ៊ូ ហៅហេងមែន តែគេមិនដែលមានទំនាក់ទំនងការលក់ដូរគ្រឿងញៀននោះទេ។
ដោយផ្អែកលើចម្លើយសារភាពជនសង្ស័យឈ្មោះ ទេព អ៊ូ និងមានវត្ថុតាងផងនោះ ជនសង្ស័យទាំង០២នាក់ត្រូវបានកម្លាំងជំនាញគ្រឿងញៀនអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានអាវុធហត្ថខេត្តចាត់ការបន្ត។បច្ចុប្បន្ន ជនស្ស័យខាងលើ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញគ្រឿងញៀនខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕