ឯកឧត្តមអភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីក្រោមឱវាត ចុះពិនិត្យទីតាំងអាជីវករ លក់មាសនៅផ្សារលើ ក្រុងព្រះសីហនុ
ខេត្តព្រះសីហនុ៖ដោយមានការយកចិត្តទុកដាក់ និងតបតាមបណ្ដឹងរបស់អាជីវករ លើករណីគាស់តូបចំនួន០៣ ក្នុងនោះមានតូបលេខ១១-១២ និង១៤ កាលពីវេលាម៉ោងប្រហែលជាង៨យប់ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩កន្លងទៅនេះ ធ្វើឲ្យបាត់បង់សម្ភារៈមួយចំនួន ក្នុងនោះតូបលេខ១១ អាជីវករឈ្មោះ ខន បានបាត់បង់មានដូចជា៖កងឈុតប្លាទីនចំនួន៤២កង,ចិញ្ចៀនប្លាទីនចំនួន៩៨វង់,កងឈុតចំំនួន៦៧ឈុត,ខ្សែជើងប្លាទីនចំនួន៣៨ខ្សែ,បណ្តោងខ្សែកប្លាទីន១៨។ដោយឡែកតូបពីរផ្សេងទៀត ក៏បាត់បង់ទ្រព្យសម្បត្តិមួយចំនួនផងដែរ។
នារសៀលថ្ងៃចន្ទ ៤រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំសមត្ថកិច្ចនគរបាល និងអាវុធហត្ថ ចុះពិនិត្យទីតាំងអាជីវករលក់មាសនៅផ្សារលើ ក្រុងព្រះសីហនុ។
នៅក្នុងឱកាសចុះពិនិត្យទីតាំងអាជីវករលក់មាសនៅផ្សារលើ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានណែនាំឱ្យបងប្អូនអាជីវករ បន្តសកម្មភាពលក់ដូរបន្តទៀត ទុកភារៈកិច្ចនេះឱ្យមន្ត្រីសមត្ថកិច្ចជំនាញចុះធ្វើការស្រាវជ្រាវ រកជនដៃដល់ចាប់យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ដើម្បីធានាការពារសុវត្ថិភាពដល់អាជីវករ មានទំនុកចិត្តក្នុងការទុកដាក់សម្ភារ:របស់ខ្លួន ពិសេសសន្តិសុខផ្សារ ត្រូវតែរឹតបណ្តឹងអំពីសុវត្ថិភាពកាន់តែទ្វេដងបន្ថែមទៀត៕