អភិបាលខេត្តកំពត៖ ចាប់ពីពេលនេះទៅ លោកអភិបាលក្រុង ស្រុកត្រូវតែពង្រឹងសមត្ថភាពខ្លួនឯង គឺត្រូវតែអនុវត្តការងារ ដោយមិនចាំបាច់ពឹងផ្អែក មកលើរដ្ឋបាលខេត្ត ឬស្ថាប័នច្បាប់ឡើយ
ខេត្តកំពត៖លោក ជាវ តាយ អភិបាល នៃគណ:អភិបាលខេត្តកំពត បានលើកឡើងធ្ងន់ៗថា ចាប់ពីពេលនេះទៅ លោកអភិបាលក្រុង ស្រុកត្រូវតែពង្រឹងសមត្ថភាពខ្លួនឯង គឺត្រូវតែអនុវត្តការងារដោយមិនចាំបាច់ពឹងផ្អែកមកលើរដ្ឋបាលខេត្ត ឬស្ថាប័នច្បាប់ឡើយ ពិសេសករណីទន្ទ្រានដីធ្លីខុសច្បាប់ ការចាក់ដីបំពានចូលព្រែក បឹងបួ របស់រដ្ឋជាដើម។
ការលើកឡើងបែបនេះ ខណ:លោក ជាវ តាយ អភិបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំគណ:បញ្ជារការឯកភាពរដ្ឋបាលខេត្ត នៅព្រឹកថ្ងៃសុក្រ ៦រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ នៅសាលាខេត្តកំពត ដោយមានការចូលរួមពី លោក លោកស្រី ជាអភិបាលរងខេត្ត ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត តំណាងយោធភូមិភាគ៣ មេបញ្ជាការដ្ឋានកងពលតូចអន្តរាគមន៍លេខ១១ មូលដ្ឋានសមុទ្រ ទីបញ្ជាការជួរមុខ នាយកដ្ឋាននគរបាលព្រំដែនទឹក នាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោក លោកស្រីអភិបាលនៃគណៈអភិបាលក្រុង ស្រុក នាយកទីចាត់ការ និងប្រធានអង្គភាពចំណុះសាលាខេត្តសរុបចំនួន ៩១នាក់។
លោក ជាវ តាយ ប្រធានគណ:បញ្ជាការឯកភាពខេត្ត បានសង្កត់ធ្ងន់ថា ក្នុងនាមជារដ្ឋបាលដែនដីនិមួយៗដាច់ខាតមិនត្រូវយកភាពកម្សោយយកមកដឹកនាំឡើយ ហើយក៏មិនត្រូវពឹងផ្អែកតែលើរដ្ឋបាលខេត្តគ្រប់រឿងនោះដែរ យើងជាអ្នកដឹកនាំត្រូវតែហ៊ានសម្រេចការងារគ្រប់ជំពូក ដោយអនុវត្តតាមទិសដៅ"យកបន្លាទៅជួសបន្លា"ទើបទៅរួច។
លោកអភិបាលខេត្ត ក៏បានជំរុញដល់លោកចៅហ្វាយក្រុង ស្រុកទាំងអស់ត្រូវតែមានវិធានការ និងចំណាត់ការឱ្យមានប្រសិទ្ធភាពទៅលើបុគ្គលខិលខូច ហើយបើមានករណីណាមួយកើតឡើង ស្រុកនោះជាអ្នកទទួលខុសត្រូវ ដោយមិនចាំបាច់ឱ្យរដ្ឋបាលខេត្តជួបផលលំបាកដោយសារបញ្ហាតូចតាចបែបនេះឡើយ។
លោក ជាវ តាវ បានបញ្ជាក់ទៀតថា ចំពោះបទល្មើសដែលមានភាពស្មុគស្មាញ ហើយស្រុកគ្មានលទ្ធភាពដោះស្រាយ គឺរដ្ឋបាលខេត្តជាអ្នកទទួលខុសត្រូវទាំងស្រុង។ជាមួយនេះ លោកអភិបាលខេត្តក៏សូមជំរុញដល់អភិបាលក្រុង ស្រុកទាំងអស់ត្រូវពុះពារអនុវត្តការងារដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ គឺត្រូវរួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាដោះស្រាយ និងរួមគ្នាទទួលខុសត្រូវ រាល់គ្រប់បញ្ហានៅគ្រប់មូលដ្ឋាន។
លើសពីនេះអាជ្ញាធរស្រុកគ្រប់តំបន់ត្រូវសហការគ្នាការពារទប់ស្កាត់រាល់បទល្មើសគ្រប់ប្រភេទ ពិសេសករណីទន្ទ្រានដីព្រែក ប្រឡាយ បឹងបួ ដែលជាសម្បតិ្តរបស់រដ្ឋ។បើបុគ្គលណាទន្ទ្រានត្រូវរកវិធានការទប់ស្កាត់និងចាត់ការតាមនីតិវិធី៕