មន្ត្រីរាជការ ប្រធានមន្ទីរ កងកម្លាំងប្រដាប់អាវុធគ្រប់ អង្គភាពបានចូលរួមបង្សុកូល និងគោរព្ធវិញ្ញាណក្ខ័ន្ធ ជូនដល់អ្នកស្លាប់ក្នុងរបបប៉ុលពត
ខេត្តបន្ទាយមានជ័យ៖រដ្ឋបាលខេត្តដឹកនាំដោយលោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ប្រធានមន្ទីរជំវិញខេត្ត អង្គភាពអាវុធហត្ថ អង្គភាពស្នងការនគរបាលខេត្ត អង្គភាពយោធាខេត្ត ព្រះសង្ឃ១០០អង្គ ប្រជាពលរដ្ឋជាច្រើនរយនាក់បានចូលរួមគោរព្ធវិញ្ញាណក្ខ័ន្ធ និងបង្សុកូលជូនដល់អ្នកស្លាប់ក្នុងរបបប៉ុលពត។
សូមជំរាបដែរថា៖ពិធីនេះប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩នៅក្នុងបរិវេនវត្តសុភមង្គល ស្ថិតក្នុងភូមិ អូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះដែរលោក អ៊ុំ រាត្រី បានមានប្រសាសន៍ដល់ប្រជាពលរដ្ឋដែលចូលរួមថា ថ្ងៃទី២០ ឧសភា គឺជាថ្ងៃដែលអង្គការអប្រិយពលពត បានដាក់ចេញនូវគោលនយោបាយប្រល័យពូជសាសន៍ជាតិ ទើបប្រជាជនកម្ពុជាទូទាំងប្រទេសបានកំណត់យកថ្ងៃនេះ ជាទិវាគោរពបិញ្ញាណក្ខន្ធរំលឹកឡើងវិញនូវបណ្តាថ្ងៃដ៏ខ្មៅងងឹតក្នុងគុកនរកលោកិយប្រល័យពូជសាសន៍ក្នុងរបប៣ឆ្នាំ ៨ខែ ២០ថ្ងៃ។
យើងប្រជាពលរដ្ឋទទាំងអស់គ្នា សូមសម្តែងនូវមនោសញ្ចេតនារំជើបរំជួលចិត្តក្រៃលែងចំពោះជនរងគ្រោះកម្ពុជាជាង៣លាននាក់ ដែលបានទទួលធ្វើទារុណកម្មយ៉ាងសែនវេទនា ខ្លោចផ្សារ អមនុស្សធម៍ទាំងផ្លូវកាយ ផ្លូវចិត្ត រហូតបាត់បង់ជីវិតក្នុងរបបកម្ពុជាប្រជាធិបតេយ្យនោះទាំងគ្រួសារៗ ។
លោកអ៊ុំរាត្រីបានកត់សម្គាលឃើញថារបបប៉ុលពតបានអនុវត្តនយោបាយប្រល័យពូជសាសន៍ រំលោភសិទ្ធិមនុស្សក្នុងទិសស្លោក វាយខ្ទេច បំផ្លាញខ្ទេចជីកស្មៅ ជីកទាំងឬសទុកក៏មិនចំណេញ ដកចេញ ក៏មិនខាតនោះ កម្លាំងមហាសាមគ្គីប្រជាជាតិមួយបានប្រមូលផ្តុំជាចលនា ហើយបង្កើតជាតិណសិរ្សសាមគ្គិសង្គ្រោះជាតិនាថ្ងៃទី២ធ្នូឆ្នាំ១៩៧៨ រួចកម្លាំងនេះបានរីកចម្រើនយ៉ាងរហ័សធ្វើការវាយសម្រុកយ៉ាងខ្លាំងលើរបបនោះ លុះបានជ័យជម្នះនៅថ្ងៃទី៧ មករា ឆ្នាំ១៩៧៩ ស្នាមញញឹមនៃមហាគ្រួសារខ្មែរបានរស់ឡើងវិញក្នុងជីវភាពថ្មីនេះប្រជាជនកម្ពុជាពីជាង៣៩ឆ្នាំមកទល់បច្ចុប្បន្ន នៅតែធ្វើការចងចាំរបួសស្នាមដ៏សោកសៅខ្លោចផ្សារនេះ ហើយសមិទ្ធផលពីនោះមកបូករួមនឹងសមិទ្ធិផលនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសថ្ងៃទី២៣តុលា១៩៩១ បានផ្តល់ឲ្យប្រជាជាតិ ប្រជាជនយើងមានសិទ្ធសេរីភាព អធិបតេយ្យនិងអភិវឌ្ឍន៍ឡើងវិញលើគ្រប់វិស័យ និងចងចាំជានិច្ច មហាឧក្រិដ្ឋកម្មប្រល័យពូជសាសន៍នៃរបបកម្ពុជាប្រជាធិបតេយ្យនៅក្នុងក្រអៅបេះដូងកូនខ្មែរជានិច្ច។
ហើយប្រជាជនកម្ពុជាអរគុណដល់អតីតព្រះមហាវីរក្សត្រ សម្តេម៉ែនិងព្រះមហាក្សត្រនិងសហគមន៍អន្តរជាតិដែលបានជួយបង្រួបបង្រួមជាតិ នាំមកសន្តិភាពការអភិវឌ្ឍន៍កម្ពុជាឡើងវិញ និងជាពិសេសអរគុណដល់រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោហ៊ុន សែន ជាប្រមុខដែលបានអនុវត្តនយោបាយឈ្នះ ឈ្នះ បញ្ចប់សង្គ្រាម នាំមកសន្តិភាព ស្ថេរភាពនិងការអភិវឌ្ឍន៍ដូចបច្ចប្បន្ននេះ៕