នាំគូដណ្តឹងទៅស្រុកបោះធៀបការ ជួបគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងរថយន្ត បណ្តាលឲ្យបុរសម្នាក់ស្លាប់ និងស្ត្រីម្នាក់ រងរបួសធ្ងន់
ខេត្តព្រះសីហនុ៖កាលពីម៉ោងជាង៨ព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នំា២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងរវាងម៉ូតូ និងរថយន្ត បណ្តាលឲ្យបុរសម្នាក់បានស្លាប់ និងស្ត្រីម្នាក់ទៀត រងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះនៅឯមន្ទីពេទ្យ។ករណីនេះបានកើតឡើងនៅតាមផ្លូវឃ្លាំងលើជិតរោងចក្រក្រោន ស្ថិតនៅក្នុងសង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា៖មុនពេលកើតហេតុគេបានឃើញជនរងគ្រោះជិះម៉ូតូម៉ាកZoomber-x ពាក់ផ្លាកលេខ កំពត1Q-2569 បើកបរក្នុងទិសដៅទិសពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ ខណៈផ្លូវចំណោតបើកម៉ូតូបន្ថែមល្បឿនលឿន ដើម្បីវ៉ារថយន្ត តែវ៉ាមិនផុត ក៏ជ្រុលចង្កូតទៅបុកចូលពីក្រោយរថយន្តកូរ៉េ មួយគ្រឿងដឹកដែកគ្រឿងសំណង់ ពាក់ផ្លាកលេខ ព្រះសីហនុ3A-7450 បណ្តាលអោយបុរសអ្នកបើកម៉ូតូស្លាប់នៅនឹងកន្លែង និងស្ត្រីម្នាក់ រួមដំណើរជាមួយងរបួសធ្ងន់។
ពាក់ពន្ឋ័ករណីខាងលើនេះបើយោងតាមអ្នកស្គាល់ជនរងគ្រោះបានប្រាប់ឲ្យដឹងថា អ្នកទាំង២បើកបរម៉ូតូក្នុងគោលបំណងទៅស្រុកដើម្បីបោះធៀបការ ពីព្រោះជិតដល់ថ្ងៃរៀបការ ប៉ុន្តែចៃដន្យអាក្រក់មកជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលអោយខាងប្រុសស្លាប់ និងខាងស្រីរងរបួសធ្ងន់បញ្ចូនទៅមន្ទីពេទ្យ៕