លោកស្រី ម៉ែន នារី សោភ័គ តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ សម្រាលការលំបាកលើកទី៩ ដល់អង្គការសកម្មភាពលើយុវវ័យពិការ ដើម្បីអភិវឌ្ឍន៍
រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃអង្គារ ៦រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០១៩ លោកស្រី ម៉ែន នារី សោភ័គ អគ្គលេខាធិការស្តីទី និងសហការី តំណាងឲ្យសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌សម្រាលការលំបាកលើកទី៩ (ឆ្នាំទី៥ គិតចាប់តាំងពីឆ្នាំ២០១៥រៀងមក) ដល់អង្គការសកម្មភាពលើយុវវ័យពិការដើម្បីអភិវឌ្ឍន៍ ដែលមានសមាជិកជាជនពិការ ចាស់ជរាគ្មានទីពឹងចំនួន៧១នាក់ រស់នៅក្នុងផ្ទះជួលស្ថិតនៅភូមិសន្សំកុសល៣ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងមកពីបណ្តាខេត្តមួយចំនួនទៀត។
ក្នុងឱកាសនោះលោកស្រីអគ្គលេខាធិការស្តីទីបានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតស្រឡាញ់ លើកទឹកចិត្ត និងការកោតសរសើរចំពោះជនពិការទាំងអស់ ដែលតស៊ូជំនះគ្រប់ឧបសគ្គក្នុងជីវិតរស់នៅ ខិតខំតាមជំនាញរៀងៗខ្លួនប្រកបដោយគុណធម៌ សីលធម៌ និងសេចក្តីថ្លៃថ្នូរ ដែលនេះជាផ្នែកមួយនៃការចូលរួមជារាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តគោលនយោបាយជាតិលើកកម្ពស់ជនពិការ ឱ្យរស់នៅស្មើមុខស្មើមាត់ក្នុងសង្គមដែលមានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។
ទន្ទឹមនឹងនេះ លោកស្រីក៏បានពាំនាំនូវការណែនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដល់ជនពិការទាំងអស់ ឱ្យគួរបង្កើនទំនាក់ទំនងជាមួយស្ថាប័នពាក់ព័ន្ធ ឬសប្បុរសជន ដើម្បីសុំការអនុញ្ញាតឬសហការរៀបចំការប្រគុំតន្ត្រីនៅក្នុងឱកាសនៃកម្មវិធី ឬពិធីបុណ្យប្រពៃណីនានា តាមរយៈ ក្រុមសិល្បៈតន្ត្រីរីករាយ របស់អង្គការ និងការពិព័រណ៌បង្ហាញពីសមិទ្ធផលស្នាដៃលើវិស័យកាត់ដេរសំលៀកបំពាក់របស់ក្រុមស្ត្រីពិការឱ្យបានទូលំទូលាយ ដើម្បីទទួលបានការគាំទ្រកាន់តែច្រើនពីសប្បុរសជន។
ជាមួយគ្នានេះដែរ ជនពិការទាំង៧១នាក់ បានសម្តែងនូវក្តីរំភើប និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែផ្តល់ក្តីស្រឡាញ់ ភាពកក់ក្តៅ ក្តីមេត្តា ករុណា និងលើកទឹកចិត្ត និងជួយសម្រាលការលំបាកជនងាយរងគ្រោះទាំងអស់ដោយគ្មានការរើសអើងអ្វីឡើយ។
សូមបញ្ជាក់ថា អំណោយដែលបានផ្តល់ជូនអង្គការសកម្មភាពលើយុវវ័យពិការ ដើម្បីអភិវឌ្ឍន៍ រួមមាន៖អង្ករ៥០០គីឡូក្រាម,មីយើង១០កេស,ត្រីខ៥កេស,ទឹកបរិសុទ្ធ១០កេស,ទឹកក្រូច១០កេស ,ទឹកត្រី២៤ដប,ទឹកស៊ីអ៊ីវ២៤ដបនិងថវិកាចំនួន៥លានរៀល។ដោយឡែក ជនពិការទាំង៧១នាក់ ម្នាក់ៗទទួលបាន៖អង្ករ៣០គីឡូក្រាម ,មី១កេស,ត្រីខ១០កំប៉ុង,មុង១,ភួយ១,សារុង១,ក្រមា១ ,អាវយឺត១ និងថវិកាចំនួន៥ម៉ឺនរៀលផងដែរ៕