បញ្ហាស្នើសុំចេញប័ណ្ណកម្មសិទ្ធិរ៉ាំរ៉ៃច្រើនឆ្នាំ ត្រូវបានបញ្ចប់ ដោយសារមានដំណោះស្រាយ របស់អភិបាលខេត្តកំពត
ខេត្តកំពត៖នាព្រឹកថ្ងៃអង្គារ ៦រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំដោះស្រាយបញ្ហាស្នើសុំប័ណ្ណកម្មសិទ្ធិរបស់ឈ្មោះ ស្វាយ សាត់ ស្ថិតនៅភូមិកោះខ្លូត ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពតនៅសាលប្រជុំព្រះវិហាររបស់រដ្ឋបាលខេត្តកំពត ដោយមាន ការចូលរួមស្រាយបំភ្លឺពីលោកអភិបាលស្រុកកំពង់ត្រាច ប្រធានរៀបចំដែនដីនគរូបនីកម្ម សំណង់ និងសុរិយោដីខេត្ត អាជ្ញាធរពាក់ព័ន្ធ ព្រមទាំងសាម៉ីជនស្នើប័ណ្ណផងដែរ។
យោងតាមការពិនិត្យរបាយការណ៍ជាក់ស្តែង ឃើញឈ្មោះស្វាយ សាត់ ពិតជាបានធ្វើការស្នើសុំប័ណ្ណកម្មសិទ្ធិលើផ្ទៃដីទំហំ២៩៤ម៉ែត្រការ៉េ ជាយូរមកហើយ ដោយដីដែលស្នើសុំនេះមានទំនាស់កាលពីច្រើនឆ្នាំកន្លងមកជាមួយភាគីជាប់ព្រំជាហេតុធ្វើឲ្យមានការបង្អាក់ដំណើរការចេញប័ណ្ណកម្មសិទ្ធិ។
ក្រោយពីបានទទួលពាក្យស្នើតាមរយៈផេកផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ជាវ តាយ បានរៀបចំក្រុមការងារដឹកនាំផ្ទាល់ ដើម្បីដោះស្រាយបញ្ហាដ៏រ៉ាំរ៉ៃនេះឲ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធិភាពខ្ពស់បំផុត ដោយអញ្ជើញភាគីជាប់ព្រំទាំងពីរធ្វើការផ្សះផ្សារ ដោយនីតិវិធីចំពោះមុខអាជ្ញាធរពាក់ព័ន្ធ និងធ្វើការចេញប័ណ្ណកម្មសិទ្ធិ នៅរសៀលម៉ោង១៥រសៀលនេះជាកំហិត៕