បុរសម្នាក់រងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តដឹកប្រេងតេលា បុករថយន្តដឹកថ្ម
ខេត្តព្រះសីហនុ៖កាលពីវេលាម៉ោង១រសៀល ថ្ងៃទី០២ ខែវិច្ឆិការ ឆ្នំា២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់មួយបានកើតឡើង រវាងរថយន្តដឹកប្រេងតេលា និងរថយន្តដឹកថ្ម បណ្តាលឲ្យបុរសជាអ្នកបើកបររថយន្តដឹកថ្មម្នាក់រងរបួស រីឯពលរដ្ឋមួយចំនួនបាននាំគ្នាដណ្តើមត្រង់យកប្រេង ពីរថយន្តដឹកប្រេង។
សូមជំរាបដែរថា ករណីនេះបានកើតឡើងនៅតាមផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេ១៧១+១៧២ ស្ថិតនៅភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងរវាងរថយន្តដឹកប្រេងតេលា ពាក់ផ្លាកលេខ ភ្នំពេញ 3B .83 71 បើកបរដោយឈ្មោះ អ៊ួន ប៊ុនថាង ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅ ភូមិកោះតាង៉ា៣ ឃុំសូរគង ស្រុកកងមាស ខេត្តកំពង់ចាម បើកបរក្នុងទិសដៅពីខេត្តព្រះសីហនុទៅភ្នំពេញ បុកប៉ះរថយន្តធុនធំដឹកថ្ម មួយគ្រឿងម៉ាកSTELL ពាក់ស្លាកលេខ ព្រះសីហនុ 3A.76.46 បើកបរដោយឈ្មោះយង់ មករា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរបើកបរ មានទីលំនៅភូមិបឹងធំខាងកើត ឃុំអង្គសូភី ស្រុកំពង់ត្រាច ខេត្តកំពត បើកបរក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលឲ្យអ្នកបើកបររថយន្តដឹកថ្ម រងរបួសធ្ងន់។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះអន្តរាគមន៍ដោះស្រាយតាមនិតិវិធី៕