អាមេរិកបានទម្លាក់គ្រាប់បែក លើអតីតមូលដ្ឋានទ័ពខ្លួន នៅប្រទេសស៊ីរី ចំពេលមានការផ្លាស់ប្តូរទីតាំង កងទ័ពអាមេរិកទៅកាន់អ៊ីរ៉ាក់
អន្តរជាតិ៖កងកម្លាំងយោធាអាមេរិកបានទម្លាក់គ្រាប់បែកលើអតីតមូលដ្ឋានទ័ពខ្លួននៅប្រទេសស៊ីរី ចំពេលមានការផ្លាស់ប្តូរទីតាំងកងទ័ពអាមេរិកទៅកាន់អ៊ីរ៉ាក់ ដែលត្រូវបានប្រកាសរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Mark Esper ។នេះបើយោងតាមការដកស្រង់ចេញពីសារព័ត៌មានរុស្ស៊ី Sputnik។
កងទ័ពអាកាសអាមេរិកបានធ្វើប្រតិបត្តិការវាយប្រហារតាមផ្លូវ អាកាសទៅលើមូលដ្ឋានទ័ព អាល់គូឡេប (Al-Qulaib) ដែលស្ថិតក្នុងខេត្ត អាល់ហាកាស (Al-Hasakah) ភាគឦសានស៊ីរី ដែលទើបតែត្រូវបានកងទ័ពអាមេរិកបោះបង់ចោល ក្រោមការបញ្ជាឲ្យដកខ្លួនចេញពីតំបន់ភាគខាងជើងស៊ីរី នៅចំពោះមុខការបើកប្រតិបត្តិការយោធារបស់តួកគី។
ជុំវិញបញ្ហានេះ ក្រសួងការពារជាតិអាមេរិក មិនបានចេញមុខបកស្រាយជុំវិញព័ត៌មានខាងលើ ការទម្លាក់គ្រាប់បែកលើអតីតមូលដ្ឋានទ័ព ដែលត្រូវបានបោះបង់ចោលបែបនេះ អាចជាវិធានការរបស់អាមេរិក ដើម្បីបង្ការកុំឲ្យបរិក្ខាយោធាដែលបន្សល់ទុកនៅទីនោះ ធ្លាក់ទៅក្នុងដៃកងទ័ពស៊ីរី ឬមួយក៏រុស្ស៊ី៕