សិស្សានុសិស្សប្រឡងជាប់និទ្ទេស A ចំនួន២៥នាក់ ទទួលរង្វន់លើកទឹកចិត្ត ពីថ្នាក់ដឹកនាំ ខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ៖សិស្សានុសិស្ស ដែលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០១៨-២០១៩ ទទួលបាននិទ្ទេស A ចំនួន២៥នាក់ បានទទួលរង្វន់លើកទឹកចិត្តពីថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសជួបសំណេះសំណាលជាមួយសិស្សានុសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០១៨-២០១៩ និងចែករង្វន់ដល់សិស្សានុសិស្សដែលទទួលបាននិទ្ទេស Aចំនួន២៥នាក់បានធ្វើឡើងកាលពីថ្ងៃសុក្រ ៥រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ ក្រោមអធិបតីភាព លោកជំទាវ ឧកញ៉ា ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍខេត្តបន្ទាយមានជ័យ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រីប្រតិភូអមដំណើរ ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើនរូបទៀតផង។
ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងកោតសរសើរចំពោះសិស្សដែលបានខិតខំរៀនសូត្ររហូតទទួលបានជោគជ័យ ប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ឆ្នាំសិក្សា២០១៨-២០១៩ ជាពិសេសសិស្សជាប់និទ្ទេសA ២៥នាក់ ដោយធៀបនឹងឆ្នាំមុនត្រឹម១៣នាក់ និងសូមផ្តាំផ្ញើដល់ប្អូនៗសិស្សានុសិស្សទាំងអស់បន្តយកចិត្តទុកដាក់ចំពោះការរៀនសូត្របន្ថែមទៀត។
ក្នុងនោះសិស្សដែលជាប់និទ្ទេសទាំង២៥នាក់ ក្នុងម្នាក់ទទួលបាន ម៉ូតូ១គ្រឿង,ទូរស័ព្ទ១គ្រឿង និងសិស្សដែលចូលរួមទាំងអស់ទទួលបានម្នាក់៥ម៉ឺនរៀលផងដែរ៕