ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញ​ចុះពិនិ​ត្យមើលស្ថានភា​ពស្រូវប្រាំង​របស់ប្រជាកសិករ ដែលប្រ​ឈ​មនឹងកង្វះទឹកស្រោចស្រព​នាពេលខាងមុខ ក្នុងភូមិ​សាស្ត្រខេត្ត​ប៉ៃលិន

ប៉ៃលិន៖ គោរពតា​មអនុសាសន៍ណែ​នាំដ៏យកចិត្តទុកដា​ក់របស់សម្តេចមហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរា​ជាណាចក្រកម្ពុជា ឱ្យក្រសួងធនធានទឹក និងឧតុនិយមត្រូវតែ​ចុះទៅដ​ល់​គ្រប់​ទីតាំង ដើម្បីអន្តរាគម​ន៍ជួយដោះស្រាយ​បញ្ហាទឹកជូនដល់ប្រជា​ពលរដ្ឋ នៅរសៀលថ្ងៃទី២ ខែ​កុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ថោ​ ជេដ្ឋា រដ្ឋមន្ត្រីក្រសួ​ងធ​នធានទឹក និងឧតុនិយម អមដំណើរដោយ​លោកជំទាវប​ណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងថ្នាក់ដឹកនាំ មន្ត្រីបច្ចេក​ទេ​សក្រសួង, មន្ទីរធនធានទឹក និងឧតុនិយមខេត្ត រួមជាមួយ​មន្ទីរពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យ​មើលស្ថានភាពស្រូវប្រាំងរប​ស់ប្រជាក​សិករប្រមាណ ៨៦៦ហិកតា ដែល​ប្រឈម​នឹងកង្វះទឹកស្រោចស្រពនាពេ​លខាងមុខ ស្ថិតក្នុងស្រុក​សាលាក្រៅ ខេត្តប៉ៃលិន ដើម្បីអន្តរា​គមន៍ជួយសង្គ្រោះ​ឱ្យបានទាន់ពេ​លវេលា ។

ឆ្លើយ​តបចំពោះសំណូមពរក៏ដូចជា​កង្វល់របស់បងប្អូនប្រ​ជាកសិករ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រ​សួងធនធានទឹក​ និងឧតុនិយម បានមានប្រ​សាសន៍ជម្រា​បជូនពីការយ​កចិត្តទុកដាក់ខ្ពស់រ​បស់រា​ជរដ្ឋាភិបា​ល ប្រៀបដូចជា​ឪពុកម្តាយ​ដែលតែងតែចង់ឱ្យកូនមានបាន ដោយខិតខំរិះ​រកគ្រប់មធ្យោ​បាយធ្វើ​យ៉ាងណាដើម្បីជួយឱ្យកូនមា​នជីវភាពកាន់តែប្រសើ​រឡើង ជាក់ស្តែងនៅក្នុងអាណត្តិ រាជរ​ដ្ឋាភិ​បាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រក​បដោយភាព​ឈ្លាសវៃរបស់​សម្តេចមហាបវ​រធិបតី ហ៊ុន ម៉ាណែត នាយ​ករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគិតគូរជួយ​ដោះស្រាយ​កង្វល់​របស់​កសិករ​ ដោយប្រើប្រាស់យុទ្ធសាស្ត្រថ្មីជំរុញការបង្កើតសហគមន៍កសិកម្មទំនើប ជាមួយ​នឹងការណែ​នាំឱ្យប្រើប្រាស់ពូជស្រូវ​ដែលមានគុណភាពល្អ និងមានគុណសម្បត្តិស្រ​បតាមតម្រូវកា​រនាំចេញទៅ​កាន់ទីផ្សារនៅក្រៅ​ប្រទេស។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ក៍បានមានប្រសា​សន៍សំណូមពរ​ដល់បងប្អូនប្រជា​កសិ​ករឱ្យរួមស​ហការគ្នា ហើយស្តាប់តាមការណែនាំរបស់អាជ្ញាធរក្នុងមូលដ្ឋាន ជាពិសេសមេឃុំ/ចៅ​សង្កាត់ ដែលជាអ្នកនៅផ្ទាល់​តែម្ដង ក្នុងការដោះស្រាយ​នូវរាល់បញ្ហាប្រឈមដែល​កើតមានឡើងចំ​ពោះមុខ ដើម្បីទទួលបានភាពរីកចម្រើនទាំងអស់គ្នា។

ឆ្លៀតក្នុងឱ​កាសនោះផងដែរ ឯកឧត្តមរដ្ឋមន្ត្រី និងក្រុមកា​រងារក្រសួង និងមនី្ទរធនធានទឹក និងឧតុ​និយមខេត្ត ដោយមានការចូលរួមពីសំណាក់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគ​ណៈ​អភិបាល​ខេត្តប៉ៃលិន ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យមើល ទីតាំងដែ​លជំនន់ទឹ​កភ្លៀងធ្លាប់ជន់លិច នាពេល​កន្លងមក នៅចំណុចព្រំដែនកម្ពុជាថៃ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ផងដែរ ៕

Leave a Reply

Your email address will not be published.