(បន្ទាយមានជ័យ) ឯកឧត្តម សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា២០២៣-២០២៤ និងលើកទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥ ។ពិធីនេះបានធ្វើឡើងនៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡាខេត្ត នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីលោក យឹម សំណាង អភិបាលរង ខេត្ត លោក លោកស្រី អភិបាល.អភិបាលរងក្រុង ស្រុក មន្ទីរអង្គភាពពាក់ព័ន្ធ និងតំណាងអង្គការដៃគូអភិវឌ្ឍវិស័យអប់រំផងដែរ។
លោក ឈូ ប៊ុនរឿង បានមានប្រសាសន៍លើកឡើងថា៖ឆ្នាំ២០២៤នេះក្រោមការដឹកនាំរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ទៅលើវិស័យអប់រំ ដែលជាវិស័យអាទិភាពមួយដ៏សំខាន់ ស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចាត់ទុកធនធានមនុស្សជាអាទិភាពទី១ ដែលជាឆ្អឹងខ្នងសម្រាប់ទ្រទ្រង់ការអភិវឌ្ឍ សេដ្ឋកិច្ចជាតិ ព្រមទាំងការអភិវឌ្ឍវិស័យដ៏ទៃទៀត។
តាមរយៈរបាយការណ៍ស្តីពីលទ្ធផល ការងារឆ្នាំសិក្សា២០២៤ និងលើកទិសដៅទៅ ឆ្នាំ ២០២៥ លោកសូមឲ្យលោកគ្រូ អ្នកគ្រូ នៅគ្រប់ភូមិសិក្សា និងបណ្តាអនុវិស័យទាំង ត្រូវខិតខំឲ្យបានស្វិតស្វាញជាងឆ្នាំ ២០២៤ ដើម្បីរួមចំណែកបំពេញការងារជូនរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ លើការងារអប់រំទាំងមូល មានការរីកចម្រើនជាងឆ្នាំ២០២៤ ទាំងបរិមាណ និងគុណភាព ឲ្យមានការរីកដុះដាលយ៉ាងខ្លាំង នៃសាលារៀន និងចំនួនសិស្ស និស្សិត ចុះឈ្មោះ ចូលរៀន នៅគ្រប់ភូមិសិក្សាទាំងផ្នែកសាធារណៈ និងផ្នែកឯកជនផងដែរ។
ថ្លែងនៅក្នុងឱកាសនោះឯកឧត្តម សេរី ជំនះ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរបៀបនៃដំណើរការរបស់អង្គសន្និបាតនេះបានធ្វើការប្រមូលមតិយោបល់ចាប់ពីថ្នាក់ស្រុក–ក្រុង សាលារៀនសាធារណៈ និងឯកជន និងដៃគូអភិវឌ្ឍន៍ទាំងអស់ ត្រូវបានបញ្ចូលមកក្នុងរបាយការណ៍បូកសរុបថ្នាក់ខេត្ត ហើយលើសពីនេះ បានធ្វើបទបង្ហាញ វគ្គមេរៀនបទពិសោធន៍ល្អៗ ដែលសាលារៀនបានអនុវត្ត និងសម្រាប់ជាគោលគំនិតជូនដល់អង្គសន្និបាតនេះអាចយកទៅប្រើប្រាស់តាមអង្គភាពរបស់ខ្លួន ក្នុងន័យនេះ លោក លោកស្រី ដែលមានវត្តមានវត្តមាននាពេលនេះ នឹងចូលរួមយ៉ាងផុសផុល ដើម្បីចែករំលែក និងពិភាក្សាផ្លាស់ប្តូរយោបល់ក្នុងគោលបំណងស្វែងរកឲ្យឃើញនូវរំលែកបទពិសោធន៍ល្អៗ។
ក្នុងឱកាសនោះឯកឧត្តម សេរី ជំនះ បានផ្ដល់ចំណុចគន្លឹះសំខាន់ក្នុងការចែករំលែកដល់អស់លោក លោកស្រី ចំនួន៤ ចំណុចរួមមាន៖១,ពាក់ព័ន្ធនឹងវិធានការគន្លឹះរបស់សម្ដេចមហាបបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ២,ការងារកំណែទម្រង់វិស័យអប់រំ ៣,ការកំណត់អំពីទិសដៅ និងយុទ្ធសាស្ត្រសម្រាប់អនុវត្តនៅឆ្នាំ២០២៥ និងឆ្នាំបន្តបន្ទាប់ទៀត និងទី៤,ការវិភាគមុខងារនៅក្នុងវិស័យអប់រំ យុវជន និងកីឡា៕