ខេត្តបន្ទាយមានជ័យ៖អង្គការគ្រួសារកុមារអភិវឌ្ឍ ហៅកាត់ FRA នៃកោះតៃវ៉ាន់ដែលមានទីស្នាក់ការនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាចុងសប្ដាហ៍នេះ បានផ្តល់នូវអាហារូបករណ៍ ដល់សមណៈនិស្សិតនិងនិស្សិតចំនួន ៥១អង្គ/នាក់ ដែលនិមន្តមកពីវិទ្យាល័យសម្ដេចជាស៊ីម ក្នុងក្រុងសិរីសោភ័ណ និងនិស្សិតមកពីសាកលវិទ្យាល័យFRAនៅក្រុងប៉ោយប៉ែត។
លោកស្រី យាំង វៃលីន ដែលជានាយិកាអង្គការគ្រួសារកុមារអភិវឌ្ឍន៍បានមានប្រសាសន៍ថា ការផ្តល់នូវអាហារូបករណ៍ ដល់ព្រះសង្ឃ និងប្អូនដែលមានជីវភាពខ្វះខាតទាំង ៥១អង្គ/នាក់នាពេលនេះគឺបានមកពីការចូលរួមមូលនិធិសប្បុរសធម៌ ប្រជាជននៅកោះតៃវ៉ាន់ដែលសបញ្ជាក់ពីការអាណិតស្រឡាញ់មកលើប្រជាជនកម្ពុជា ជាពិសេសជួយគាំទ្រលើវិស័យអប់រំ ដែលជាវិស័យធនធានមនុស្សដ៏សំខាន់។
លោកស្រីបន្តថា ការចង់បានត្រឡប់មកវិញ ពីប្រជាជននៃកោះតៃវ៉ាន់ក៏ដូចជាលោកស្រីផ្ទាល់ គឺសុំឲ្យព្រះតេជគុណ ប្អូនៗដែលជានិស្សិតទាំងអស់ បន្តរការសិក្សានៅសាកលវិទ្យាល័យ ក៏ដូចជាបន្តដល់ថ្នាក់ឧត្តមហើយសង្ឃឹមយ៉ាងមុតមាំថា សមណសិស្សសមណនិស្សិត និស្សិតនិងខិតខំរៀនសូត្រដោយគិតថា យើងជាពូជដ៏ល្អសម្រាប់បណ្ដុះជួយដល់គ្រួសារសង្គមជាតិត្រូវគិតថាខ្លួនឯងអាចសម្រួលដល់អ្នកដទៃទៀតគឺមានភាពជឿជាក់ប្រឹងប្រែង និងមានទំនាក់ទំនងល្អ។
ព្រះឃោសរ័ត យី យ៉ុន ព្រះធម្មធរគណ គណមហានិកាយ បានមានសង្ឃដីការចម្រើនពរ ថ្លែងអំណរគុណយ៉ាងក្រៃលែង ចំពោះប្រជាជននៃកោះតៃវ៉ាន់ជាពិសេសលោកស្រីនាយិកាដែលតែងតែយកចិត្តទុកដាក់ជួយឧបត្ថម្ភលើសម្ភារៈថវិកាដល់ព្រះសង្ឃពិសេសជួយដល់វិស័យអប់រំសិក្សា។ ជាក់ស្តែងនៅថ្ងៃនេះបានជួយផ្តល់ រូបករណ៍ដល់សមណនិស្សិត និស្សិតនៅឆ្នាំទទួលបាន ៥០០ដុល្លារសហរដ្ឋអាមេរិក។
ព្រះអង្គបន្តទៀតថា ទាំងអស់នេះគឺវាកើតចេញពីការចូលរួមនិងការជួយឧបត្ថម្ភដល់របស់លោកស្រី យាំង វៃលីន ដោយទឹកចិត្តស្មោះសនិងសប្បុរសធម៌ គឺជាសន្តានចិត្តដ៏ល្អតម្លៃជ្រាលជ្រៅ ក្នុងការជួយពង្រឹងនូវគុណភាពសិក្សា ដល់សមណនិស្សិតនិស្សិត សមានចិត្តដ៏ប្រពៃនេះឲ្យចងចាំនៅក្នុងក្រអៅបេះដូង។ ចុងក្រោយព្រះតេជគុណបានក្រើនរំឭក និងផ្តល់ជាគន្លឹះក្នុងន័យ ធៀបដល់សមណនិស្សិត និស្សិតថា ឃ្មុំមិនដែលគិតថាផ្កាអ្វីនោះទេឲ្យតែក្រេបបាន លោក ហើយមិនអោយផ្កានោះស្វិតស្រពោននោះឡើយ ដូចនេះគ្រប់ទីកន្លែងទាំងអស់គឺជាកន្លែងរៀនសូត្រហើយការរៀនសូត្របង្កឲ្យមនុស្សក្លាយទៅជាមនុស្សល្អ ផ្តើមចេញពីខ្លួនយើងហើយពុំចង់បានភាពល្អនៃការសំដែង និងកុំឲ្យប្រើប្រាស់នូវភាពងប់ងល់កុំស្រវឹងនិងខ្លួនឯងក្នុងអំពើឧបាយមុខ ផ្សេងៗនោះ ៕