(បន្ទាយមានជ័យ)៖កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឃាត់ខ្លួនជនសង្ស័យ០២នាក់១/-ឈ្មោះ ចាន់ សៀវម៉េង ភេទប្រុស អាយុ២១ឆ្នាំ និងឈ្មោះ មុំ មាន ភេទប្រុស អាយុ២៥ឆ្នាំ ពាក់ព័ន្ធករណីកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។ការឃាត់ខ្លួនជនសង្ស័យខាងលើនេះបានធ្វើឡើងខណៈចុះល្បាតក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត ដល់ចំណុចម្ដុំដីស ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែតនៅវេលាម៉ោង០២ និង០០នាទីយប់ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ ព្រមទាំងដកហូតវត្ថុតាង កាំបិត ចំនួន០២ដើម និងម៉ូតូមួយគ្រឿង ហើយនាំមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដើម្បីសួរនាំតាមនីតិវិធី ចំណែកបក្ខពួកម្នាក់ទៀតដែលបានរត់គេចខ្លួនកម្លាំងកំពុងស្រាវជ្រាវបន្ត។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួចជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានកាន់កាំបិត ចំនួន០២ដើមនេះពិតប្រាកដមែន ដោយមូលហេតុទៅរកសងសឹកអ្នកដែលមករករឿងពួកខ្លួន។ ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅតុលាការហើយ នៅព្រឹកថ្ងៃអាទិត្យ ទី២៦ ខែមករា ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី៕