ខេត្តបន្ទាយមានជ័យ៖នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ មន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមានជ័យ សហការជាមួយគណៈសង្ឃខេត្ត ស្រុក ក្រុង បានរៀបចំពិធីផ្សព្វផ្សាយខ្លឹមសារអនុសំ វច្ចរៈមហាសន្និបាតមន្ត្រីសង្ឃ បន្ទាយមានជ័យលើកទី៣២ ។ពិធីនេះប្រារព្ធធ្វើឡើងនៅវត្តពោធិរតនៈសាមគ្គី កោះស្នួល ឃុំទួលពង្រ ស្រុកម៉ាឡៃ ក្រោមអធិបតីភាពឯកឧត្ដម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត។
លោកបៀវ ថាន ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត បានមានប្រសាសន៍ថា ការរៀបចំសន្និបាតព្រះមន្ត្រីសង្ឃទូទាំងខេត្តលើកទី៣២ សម្រាប់ឆ្នាំ២០២៥នេះ គឺដើម្បីបូកសរុបសកម្មភាព ពិនិត្យវាយតម្លៃលទ្ធផលការងារ ដែលបានដាក់ចេញរយៈកាលកន្លងមក និងកិច្ចពិភាក្សាផ្លាស់ប្តូរយោបល់ លើការនុវត្តការងារវិស័យព្រះពុទ្ធសាសនា និងលើកទិសដៅអនុវត្តបន្តសម្រាប់ពង្រឹងរចនាសម្ព័ន្ធ ដឹកនាំគ្រប់គ្រងពង្រឹងគុណភាពអប់រំ ពុទ្ធកសិក្សា ការអប់រំធម៍វិន័យ ដើម្បីអភិវឌ្ឍធនធាន បព្វជិត សំដៅធ្វើយ៉ាងណាឲ្យវិស័យព្រះពុទ្ធសាសនាមានការរីកចម្រើនស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោក បៀវ ថាន បានបន្តថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃ រដ្ឋសភា បានដាក់ចេញនូវគោលនយោបាយជាអាទិភាពគន្លឹះប្រាំគឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថលសម្រាប់ឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្មទីបួន និងបដិវត្តន៍ឌីជីថលសេដ្ឋកិច្ចសង្គមកម្ពុជា ។
ថ្លែងបើកអនុសំវច្ចរៈមហាសន្និបាតមន្ត្រីសង្ឃខេត្តបន្ទាយមានជ័យនៅឆាំ២០២៥ លើកទី៣២នេះឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍ថា ក្រោមម្លប់នៃសុខសន្តិភាពតាមរយៈការអនុវត្តនូវគោលនយោបាយឈ្នះឈ្នះ ធ្វើឲ្យប្រទេសជាតិមានឯកភាពជាតិឯកភាពទឹកដីទាំងស្រុងនិងស្ថេរភាពនយោបាយសន្តិសុខនិងសណ្ដាប់ធ្នាប់សាធារណៈត្រូវបានថែរក្សាការពារយ៉ាងមុតគត់ក្នុងរយៈពេលជាង ២៦ឆ្នាំកន្លងទៅនេះ។ កត្តានេះជាមូលដ្ឋានគ្រឹះដ៏រឹងមាំនិងជា កាលានុវត្តភាពយ៉ាងធំធេងសម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ។ ក្នុងនោះវិស័យ សាសនាក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់ទាំងបរិមាណនិងគុណភាពផ្អែកលើគុណតម្លៃនិងតួនាទីរបស់ព្រះពុទ្ធសាសនាក្នុងសង្គមខ្មែរ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា កំណត់យ៉ាងច្បាស់ថា ព្រះពុទ្ធសាសនាគឺជាសាសនារបស់រដ្ឋ ហើយប្រជាជនកម្ពុជាយ៉ាងច្រើនលើសលប់ប្រមាណជាង 97% បានគោរពនិងប្រតិបត្តិសាសនាព្រះពុទ្ធ។ ទោះជាយ៉ាងនេះក្ដីរដ្ឋធម្មនុញ្ញច្បាប់ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាពុំមានការរឹតត្បិតលើសេរីភាពខាងសាសនានោះទេពោលគឺ ប្រជាពលរដ្ឋខ្មែរមានសិទ្ធិពេញលេញសេរីភាពខាងជំនឿនិងការប្រតិបត្តិខាងផ្លូវសាសនាត្រូវបានរដ្ឋធានាក្នុងលក្ខខណ្ឌដែលមិនប៉ះពាល់ដល់ជំនឿឬសាសនាដទៃទៀតដល់សណ្ដាប់ធ្នាប់និងសន្តិសុខសាធារណៈ៕