ខេត្តបន្ទាយមានជ័យ៖ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ០១៧ សហវ ស្ដីពីការអនុវត្តច្បាប់ស្ដីពីហិរញ្ញវត្ថុការគ្រប់គ្រងឆ្នាំ២០២៥ ជូនដល់មន្ទីរ ជុំវិញខេត្ត ។កិច្ចប្រជុំនេះបានធ្វើឡើងនាថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ នៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុពី។
លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបានបញ្ជាក់ថា ច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំពីរពាន់2025 ត្រូវបានប្រកាសឲ្យប្រើដោយព្រះ រាជក្រម លេខ នស/រកម 1224/008 ចុះថ្ងៃ ព្រហស្បត៍១២កើត ខែមិគសិរ ឆ្នាំរោង ឆស័កពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១២ខែធ្នូ ឆ្នាំ២០២៤ ដើម្បីអនុវត្តច្បាប់នេះរាជរដ្ឋាភិបាលបានចេញនូវអនុក្រឹត្យលេខ290 ចុះថ្ងៃច័ន្ទ ១ រោច ខែមិគសិរ ឆ្នាំរោង ឆស័កពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ស្ដីពីការបែងចែកឥណទានចំណូលថវិកាថ្នាក់ជាតិ តាមចំពូកនៃច្បាប់ ស្ដីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០២៥។
លោក បឹង គឹមសឹង បានបន្តថា ច្បាប់ស្ដីពី ហិរញ្ញវត្ថុ ការគ្រប់គ្រងឆ្នាំ២០២៥ គោលដៅបន្តគាំទ្រអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលជា ពិសេសការអនុវត្តអាទិភាពគោលនយោបាយសំខាន់ៗ និងវិធានការគន្លឹះនានាដែលត្រូវបានដាក់ឲ្យអនុវត្តជាបន្តបន្ទាប់ចាប់ពីដើមនីតិកាលទី៧ នៃរដ្ឋសភា ឲ្យសម្រេចបាននូវលទ្ធផល ជាអតិបរមា ដើម្បីឆ្លើយតបនឹងសំណូមពរសេចក្ដីត្រូវការនិងការរំពឹងទុករបស់ប្រជាពលរដ្ឋកម្ពុជា។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា នៅក្នុងបរិការណ៍ដែលកម្ពុជាកំពុងទទួលផលពីសន្តិភាពពេញលេញស្ថិរភាពនយោបាយក្នុងប្រទេស ហើយសេដ្ឋកិច្ចកំពុងងើបឡើងវិញ នឹងត្រឡប់ទៅរកភាពប្រក្រតីក្រោយវិបត្តិនៃជំងឺកូវីដ19 កម្ពុជាក៏ដូចជាប្រទេសដទៃទៀតលើសកលលោក កំពុងត្រូវបានបន្តហ៊ុមព័ទ្ធដោយហានិភ័យនិងភាពមិនប្រាកដប្រជាខ្ពស់ ដែលប្រការនេះអាចឈានដល់កិច្ចខិតខំប្រឹងប្រែងក្នុងការបន្តអភិវឌ្ឍសង្គមសេដ្ឋកិច្ច របស់ខ្លួនដើម្បីឈានទៅដំណាក់កាល ថ្មីៗទៀត។ ជាចុងក្រោយ ឯកឧត្តម អ៊ុំ រាត្រី បានធ្វើការក្រើនរំលឹកដល់មន្ទីរអង្គភាពនានាជុំវិញខេត្ត ធ្វើយ៉ាងណាការរៀបចំ ចំណាយឲ្យបានត្រឹមត្រូវទៅតាមច្បាប់កំណត់ មានបញ្ហាអីត្រូវសួរនាំរមន្ត្រីមន្ទីរហិរញ្ញវត្ថុ ឬក៏រតនាគារខេត្ត ដើម្បីជួយសម្របសម្រួលឲ្យអស់លទ្ធភាពឲ្យថ្នាក់ដឹកនាំខេត្តនិងមន្ទីរហិរញ្ញ រតនាគារមិនចង់ឲ្យមានលិខិតស្នាមណាមួយធ្វើព្រមានដល់មន្ទីរអង្គភាពនោះទេ៕