ខេត្តប៉ៃលិន៖ ឯកឧត្ដម អ៊ី ឈាន ទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការព្រំដែន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តប៉ៃលិន និងមានការអញ្ជើញចូលរួមឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ប្រធានមន្ទីរអង្គភាពជាវិញខេត្ត និងមន្ត្រីរាជការចូលរួមជាង៣០០នាក់។
ឯកឧត្ដមទេសរដ្ឋមន្ត្រី អ៊ី ឈាន បានមានប្រសាសន៍លើកឡើង និងវាតតម្លៃខ្ពស់អំពីលទ្ធផល នៃការអនុវត្តតួនាទី ភារកិច្ចរបស់រដ្ឋបាលខេត្ត ស្ថាប័ននៃរាជរដ្ឋាភិបាល ក្នុងការថែរក្សាសន្តិភាព សុវត្ថិភាព ស្ថិរភាពនយោបាយ និងសន្តិសុខសណ្តាប់ ធ្នាប់សាធារណៈ ជាពិសេសការផ្តល់សេវារដ្ឋបាល សេវាសាធារណៈនានាជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។សមិទ្ធផលនានាដែលរដ្ឋបាលខេត្តក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរ អង្គភាពពាក់ព័ន្ធសម្រេចបាន ក្នុងឆ្នាំ កន្លងមកក្នុងការអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋភិបាល សម្រាប់នីតិកាល ទី៧ នៃរដ្ឋសភាបានល្អប្រសើ។
ចំពោះបញ្ហាប្រឈមនានា ដែលកើតមានឡើងពាក់ព័ន្ធនឹងការអនុវត្តតួនាទី ភារកិច្ចរបស់រដ្ឋបាលគ្រប់ លំដាប់ថ្នាក់ត្រូវបានដាក់ចេញដើម្បីអនុវត្តន៍នាឆ្នាំ២០២៥នេះ។
ទិសដៅអនុវត្តការងារសំខាន់ៗរបស់រដ្ឋបាលខេត្ត ដើម្បីផ្សាភ្ជាប់នឹងកម្មវិធីគោលនយោបាយ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ជាពិសេស ជំរុញ ផែនការក្នុងការនាំឆ្ពោះទៅសម្រេចបានជាប្រទេសមានចំណូលខ្ពស់នាឆ្នាំ២០៥០។
ថ្លែងក្នុងឱកាសនោះ លោកជំទាវបាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងទាំងអស់របស់អាជ្ញាធរដែនដី មន្ទីរ–អង្គភាព មន្ត្រីរាជការ និង កងកម្លាំងគ្រប់លំដាប់ថ្នាក់ ដែលក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ បានខិតខំយកចិត្តទុកដាក់បំពេញការងារ ស្របតាម តួនាទី ភារកិច្ចរបស់ខ្លួន ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ធ្វើឱ្យរដ្ឋបាលខេត្ដ សម្រេចបាននូវសមិទ្ធផលជាច្រើនគួរជា ទីមោទន: ទាំងការអភិវឌ្ឍន៍ខេត្ដ និងការធានាស្ថិរភាពនយោបាយ សន្ដិសុខសង្គម សុខសុវត្ថិភាពសណ្ដាប់ធ្នាប់ សាធារណៈ បានយ៉ាងល្អប្រសើរ ដែលជាការចូលរួមចំណែកធ្វើឲ្យខេត្ត ក៏ដូចជាប្រទេសជាតិទាំងមូល ធានារក្សាបាននូវ កំណើនសេដ្ឋកិច្ចជាវិជ្ជមាន បង្កលក្ខណៈសម្បត្តិដល់ការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ សំដៅកសាងសង្គមកម្ពុជាយើង ឲ្យមានការរីកចម្រើនប្រកបដោយនិរន្តរភាព ឈានទៅសម្រេចឲ្យបាននូវចក្ខុវិស័យប្រែក្លាយជាប្រទេស ដែល មានចំណូលមធ្យមកម្រិតខ្ពស់ក្នុង ឆ្នាំ២០៣០និងជាប្រទេសមានចំណូលខ្ពស់នៅក្នុងឆ្នាំ២០៥០ ខាងមុខ ដូចបាន កំណត់នៅ ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា៕