ព័ត៌មានជាតិ

ឯកឧត្តមអភិ​សន្តិបណ្ឌិត ស សុខា និង​ប្រធានស្ថាន​តំណាងក្រសួងនគរបាលវៀតណាម វាយតម្លៃ​ជាវិជ្ជមាន​ចំពោះកិច្ចសហប្រតិបត្តិកា​រសន្តិសុខ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកឧត្តមសេ​នីយ៍ត្រី ឡេ វ៉ាន់ហ្វឿង ប្រធានស្ថានតំណាងក្រសួងនគ​របាលវៀតណាម ប្រចាំព្រះ​រាជា​ណាចក្រកម្ពុជា បានផ្លាស់ប្ដូរយោ​បល់ដោយវាយ​តម្លៃជាវិជ្ជមាន​ចំ​ពោះល​ទ្ធផល​នៃ​កិច្ចសហប្រតិប​ត្តិកា​រក្នុងវិស័យ​សន្តិសុខ។ នេះបើ​តាមលទ្ធផលជំនួប​នៅទីស្ដីកា​រក្រសួងមហាផ្ទៃ នាថ្ងៃទី១៧ ខែម​ករា ឆ្នាំ២០២៥ ក្នុងឱកា​សដែ​លលោកប្រធានស្ថានតំ​ណាង ត្រូវចប់អា​ណត្តិបេសកកម្ម​នៅកម្ពុជា។

ភ្ជាប់នឹងអា​ណត្តិការងារ ៣ឆ្នាំ នៅកម្ពុជា ក្នុងជំនួបនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែង​អំណរគុណដល់លោកប្រធានស្ថានតំណាងក្រសួងនគរបាលវៀតណាម ដែលជានិច្ចកា​លតែងតែស​ម្របសម្រួលដល់ការធ្វើការងាររវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម ជាពិសេ​ស​លើការងារបណ្តុះបណ្តាលមន្ត្រីនៃប្រទេសទាំងពីរ។

ឯកឧត្តមអភិ​សន្តិបណ្ឌិត ក៏បានថ្លែងអំណរគុណដល់ក្រសួងនគរបាលវៀតណាម ដែលតែងតែគាំទ្រ និងផ្តល់កិច្ចសហការដល់ក្រសួងមហាផ្ទៃកម្ពុជា ក្នុងបុព្វហេតុរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​សង្គម និងបង្ការ ទប់ស្កាត់រាល់បទល្មើសនានា ជាពិសេសបទល្មើសដែល​កើតឡើងនៅតាម​បណ្តោ​យ​ព្រំដែននៃប្រទេស ទាំងពីរ កម្ពុជាវៀតណាម។

ចំណែកលោកឧត្តមសេនីយ៍ត្រី ឡេ វ៉ាន់ហ្វឿង បានជម្រាបឯកឧត្តមអភិសន្តិបណ្ឌិត នូវសេចក្ដីថ្លែង​អំណរគុណក្រសួងមហាផ្ទៃកម្ពុជា ដែលបានផ្តល់កិច្ចស​ហការជាមួយស្ថាន​តំណាងក្រសួងនគរ​បាលវៀតណាម ប្រចាំកម្ពុជា រួមទាំងក្នុងអាណត្តិដែលលោកជាប្រធាន។ លោកក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងមហាផ្ទៃកម្ពុជា ដែលបានរួមចំណែក​យ៉ាងសំខាន់ជាមួយ​រាជរដ្ឋាភិបា​ល​កម្ពុជា ក្នុងការរៀបចំកម្មវិធីធំៗដូចជា៖ ស៊ីហ្គេម ប៉ារ៉ាហ្គេម ជាដើម៕

Leave a Reply

Your email address will not be published.