(បន្ទាយមានជ័យ) គណៈប្រតិភូក្រសួងមុខងារសាធារណៈដឹកនាំដោយឯកឧត្តម ឆាយ ឆត្រាវុធ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈប្រតិភូ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធាន គ.វ.ជ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំគណៈកម្មការតំណាងទីស្ដីការគណៈរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក្រសួងអប់រំ ក្រសួងមហាផ្ទៃ ក្រសួងបរិស្ថាន និងក្រសួងសេដ្ឋកិច្ច ព្រមទាំងក្រុមការងារ បានធ្វើការចុះពិនិត្យក្នុងការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ នៅសាលាមតេ្តយ្យសិក្សាធនធានកកោះ ស្ថិតនៅភូមិកកោះ ឃុំស្លក្រាម ក្នុងស្រុកស្វាយចេក។ ការចុះពិនិត្យនោះដោយមានការអញ្ជើញចូលរួមពីលោក យឹម សំណាង អភិបាលរង ខេត្តតំណាងឲ្យឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោក លោកស្រី មន្ទីរអង្គភាព និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធផងដែរ។
លោកស្រី គុយ ម៉ារី ដែលជាគណៈគ្រប់គ្រងសាលាមតេយ្យសិក្សាធនធានកោះ បានមានមតិស្វាគមន៍ឲ្យដឹងថា៖ក្នុងដំណើរការវាយតម្លៃនៅទីតាំងជាក់ស្ដែងរបស់បេក្ខភាពជ័យលាភីក្នុងដំណាក់កាលពិនិត្យមានតម្លៃសម្រេចចុងក្រោយមានសមត្ថភាពអ្នកទទួលខុសត្រូវតាមផែនមាន ៦ក្រុមក្នុងនោះរួមមាន៖១,ស្តង់ដាសេវាសាធារណៈ ២,ស្តង់ដារនិយាម នៃការផ្ដល់សេវាសាធារណៈក្នុងវិស័យអប់រំ ៣,ការគ្រប់គ្រងហិរញ្ញវត្ថុ ៤,ការគ្រប់គ្រងនិងការអភិវឌ្ឍធនធានមនុស្ស ៥,ការរៀបចំកែលម្អបរិស្ថាន និងទី៦,ទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋ។
លោក យឹម សំណាង បានមានប្រសាសន៍លើកឡើងថា៖សាលាមត្ដេយ្យសិក្សាធនធាន កកោះ ជាសាលាគំរូប្រចាំខេត្តបន្ទាយមានជ័យ ដោយកាលពីឆ្នាំ២០២២–២០២៣កន្លងទៅ សាលាទទួលបានពាន់រង្វាន់ សាលាស្តង់ដារគំរូ ចំណាត់ថ្នាក់លេខ១នៅទូទាំងប្រទេស ក្នុងចំណោម១០សាលា មកពីបណ្តារខេត្តដែលបានចូលរួមប្រឡងប្រណាំង។
ជាមួយគ្នានោះលោក អភិបាលរងខេត្ត បានសង្ឃឹមនឹងជឿជាក់ថា៖ ក្នុងការចុះពិនិត្យវាយតម្លៃនៅថ្ងៃនេះ យើងនិងអាចធ្វើបានយកជ័យលាភីបន្តទៀតជូនភូមិ ឃុំ ស្រុក ជាពិសេសខេត្តបន្ទាយមានជ័យយើង ដើម្បីលើកមុខមាត់ក្នុងវិស័យអប់រំ។
ថ្លែងនៅក្នុងឱកាសនោះឯកឧត្តម ឆាយ ឆត្រាវុធ បានមានប្រសាសន៍លើកឡើងថា៖ការចុះវាតម្លៃនេះគឺមានភាពយុត្តិធម៌ និងតម្លាភាព បរិយាប័ណ្ណ ដែលជាដំណើរការមួយធ្វើឱ្យមានជំនឿទុកចិត្តទៅដល់ គណៈកម្មការវាយតម្លៃក៏ដូចជាជំនឿទុកចិត្តទៅលើអាណាព្យាបាល និងសហគមន៍ អាជ្ញាធរគ្រប់កម្រិតថ្នាក់ រាល់ការជ្រើសរើសគឺចេញពីទិដ្ឋភាព ទី១,គឺស្តាប់ពីការបង្ហាញរបស់គណៈគ្រប់គ្រងសាលា ទី២,ការចុះពិនិត្យទីតាំងជាក់ស្ដែង ដែលមានអ្វីចង់បង្ហាញដល់គណៈកម្មការ ដែលជាភស្តុតាងជាក់ស្ដែង។
ឯកឧត្តម បានបញ្ជាក់ថា៖ការចុះពិនិត្យជាក់ស្ដែងនាពេលនេះគឺពិតជាមានសារៈសំខាន់ដល់លោកគ្រូ អ្នកគ្រូ គណៈគ្រប់គ្រងសាលាទាំងអស់ ត្រូវខិតខំប្រឹងប្រែងធ្វើយ៉ាងណាឆ្លើយតបឲ្យបានច្រើន ជាអតិបរិមាចំពោះក្រុមការងារ តាមផ្នែកជាមួយៗដើម្បីសន្សំពិន្ទុដឹងថាពីព្រោះការប្រកួតប្រជែងនេះយើងមិនដឹងថាអ្នកណាជាប់ចំណាត់ថ្នាក់លេខ១ លេខ២ទេ គឺក្នុងការជ្រើសរើសក្នុងចំណោមសាលាមតេយ្យចំនួន១០ នៅតាមបណ្ដាខេត្ត។
ទន្ទឹមជាមួយគ្នានោះឯកឧត្តម ឆាយ ឆត្រាវុធ បានបន្តបញ្ជាក់ថា៖ការអភិវឌ្ឍន៍មូលធននោះ គឺជាទិដ្ឋភាពមួយដែលមានសារៈសំខាន់បង្ហាញពីចក្ខុវិស័យ កសាងធនធានមនុស្ស ប្រកបដោយសមត្ថភាព និងប្រសិទ្ធភាព ក្នុងការអនុវត្តក្នុងគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល។ជាពិសេសក្នុងផ្នែកអប់រំ គឺជាផ្នែកមួយដ៏មានសារៈសំខាន់ក្នុងការកម្រិតប្រកួតប្រជែង ការចង់ដឹងពីតួអង្គណាខ្លះ ដែលលេចធ្លោឡើង បើគ្មានការប្រកួតប្រជែងទេ ក៏គ្មានការវាយតម្លៃដែរ៕