ព័ត៌មានជាតិ

ខេត្តប៉ៃលិន ប្រារព្ធពិធីអបអរសាទរទិវា​ជន​មានពិ​ការភាពកម្ពុជា​លើកទី២៦ និងអន្តរជាតិលើកទី៤២

ប៉ៃលិន៖ នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ ខេត្តប៉ៃលិន បានប្រារព្ធពិធី​អបអរសាទរទិ​វាជនមានពិកា​រភាពកម្ពុជាលើកទី២៦ និងអន្តរជាតិលើកទី៤២ក្រោមប្រធានបទ «បរិយាបន្នពិការភាព​លើគ្រប់វិស័​យក្នុងយុ​គសម័យបរិវត្តកម្មឌីជីថល» និងពិធីប្រកាសដាក់ឱ្យអនុវត្ត «ផែនការយុទ្ធ​សាស្ត្រជាតិ​ស្តីពីពិការភាព ឆ្នាំ២០២៤២០២៨» ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន។

ថ្លែងក្នុងពិធីនេះ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមា​នប្រសាសន៍ផ្តាំផ្ញើរការសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធា​នកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូន​ចំពោះជនមានពិការភាពទាំងអស់ ដែលលោកទាំងទ្វេតែ​ងតែខ្វល់អំពីសុខ​ទុក្ខប្រជាពលរដ្ឋគ្រ​ប់រូបទាំងអស់ ជាពិសេស គឺបងប្អូនដែលមានពិការភាព ជនមានពិកា​រភាពសតិ​បញ្ញា និងអូទីស្សឹម ដោយមិនទុកឲ្យអ្នកណាម្នាក់នៅឯកានោះទេ។

លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា៖ ទិវាជនមានពិ​ការភាពអន្តរ​ជាតិ ត្រូវបានប្រារព្ធឡើងនៅគ្រប់ប្រទេសទូទាំងពិភពលោកនៅថ្ងៃទី៣ ខែធ្នូ ជារៀងរាល់ឆ្នាំ ដើម្បីរំលឹកអំពីការ​តស៊ូទាមទារសិទ្ធិចូលរួមសកម្មភាពនានា ក្នុងសង្គមរបស់ជនមានពិការភាព ប្រមាណ១,៥ពាន់​លាននាក់ នៃប្រជាជ​នសរុបនៅក្នុងពិភពលោក ដែលជាជនមាន​ពិការភាពកាយ​សម្បទា ញាណដឹង សតិបញ្ញាជាដើម ដោយសារតែ ការរស់នៅរបស់ពួក​គេតែងតែប្រឈមជា​មួយឧបសគ្គរារាំងនានាដូចជា៖ ការរើសអើង ការប្រមាថមាក់ងាយ ការផាត់ចេញពីសហគមន៍ ការមិនរាប់​អាន ការមិនទទួលស្គាល់ ការមិនផ្តល់សេវា ការមិនផ្តល់ឱកាស និងមិនមាន​សិទ្ធិពេញ​លេញនៅ​ក្នុងសង្គម ដែលនាំឲ្យប៉ះពាល់ យ៉ាងធ្ងន់​ធ្ងរក្នុងជី​វិតរស់នៅ​ប្រចាំថ្ងៃរបស់ពួកគាត់។

លោកជំទាវបណ្ឌិត​ បាន ស្រីមុំ បានមានប្រសាសន៍បញ្ជាក់ថា៖ សម្រាប់កម្ពុជា ការប្រារព្ធទិវាជន មានពិការភាពនេះ​ឡើង គឺដើម្បីរំលឹកពីមហាវិនាសកម្ម ដែលបានកើតឡើង ដោយសារភ្លើងសង្គ្រាម ជាពិសេសដោយរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានបន្សល់ទុកនូវ ផលវិបាកជាច្រើន​ដល់សង្គមរួម​មានស្រ្តីមេម៉ាយ កុមារកំព្រា ជនមានពិការភាព ព្រមទាំងបានបន្សល់នូវគ្រាប់មីន និងកាកសំណល់ ជាតិផ្ទុះសល់ពីសង្គ្រាមស្ទើរតែពាសពេញផ្ទៃប្រទេស ដែលនេះជាសោក​នាដកម្មមួ​យរប​ស់កម្ពុជា ដែលប្រជាជនកម្ពុជាធ្លាប់ទទួលរង ពីការទម្លាក់គ្រាប់បែករាប់លានតោន ដែលបា​នធ្វើឱ្យប្រជាជនរបួស ពិការ ស្លាប់រាប់លាននាក់ ដោយគ្មានការទទួលខុសត្រូវ ហើយបន្ទុកទាំងនេះ​ក៏បានធ្លាក់មក​លើរាជរដ្ឋាភិបាលកម្ពុជាក្នុងសម័យកាលជាបន្តបន្ទាប់មកនេះ ដូច្នេះការធានាបា​ននូវសន្តិភាព នឹងជួយបង្ការការវិលត្រឡប់មកវិញ នៃជម្លោះ និងសង្គ្រាមដែលជាកត្តាដ៏ចម្បង នៅក្នុងកា​រកា​ត់បន្ថយពិការភាព របស់មនុស្សជាតិ នៅលើភពផែនដីនេះ ក៏ដូច​ជាការកសា​ងលក្ខខណ្ឌ ​សម្រាប់លើកកម្ពស់ជីវភាព និងសុខមាលភាពរបស់ជនមានពិការភាពផងដែរ។

បើតាមរបាយការណ៍របស់លោក អ៊ិត ពេន ប្រធានមន្ទីរសង្គមកិច្ច និងអតីតយុទ្ធជនខេត្ត បានឱ្យដឹ​ងថា៖ បច្ចុប្បន្នចំពោះអតីតយុទ្ធជនដែលមានពិការភាព បានទទួលរបបសន្តិសុខសង្គមពីរដ្ឋ ដែលប្រាក់សោធនទាបបំផុត ៨២៥,០០០រៀល និងខ្ពស់បំផុត ១,៨៧៣,៥០០រៀល ជាក់ស្តែក្នុងខែ​វិច្ឆិកា ឆ្នាំ២០២៤នេះ អតីតយុទ្ធជនពិការខេត្តប៉ៃលិន មានចំនួន១,៧៨២នាក់ ទទួលបានរបបសោ​ធនប្រចាំខែ ចំណា​យថវិកាសរុបប្រមាណ ១,៣៣៥លានរៀល ក្នុងនោះចាប់ពីឆ្នាំ២០០៨ ដល់ប​ច្ចុប្បន្ន ស​មាគមអតីតយុទ្ធជនកម្ពុជាខេត្តប៉ៃលិន បានសាងសង់​ផ្ទះជូនគ្រួសារអតីតយុទ្ធជន​មានពិ​ការភាព ចំនួន ២០ខ្នង៕

Leave a Reply

Your email address will not be published.