(បន្ទាយមានជ័យ)៖ នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញចូលរួមពិធី សម្ពោធសមិទ្ធផលនានានៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ ស្ថិតនៅភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
នាឱកាសនោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គឺឈរនៅជាមួយប្រជាពលរដ្ឋ ហើយប្រឹងប្រែងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ មិនដូចអ្នកខ្លះញុះញង់ពលរដ្ឋបង្កើតបញ្ហា ហើយឡើងយន្តហោះរត់ចោលប្រជាពលរដ្ឋបាត់នោះទេ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «អ៊ឹចឹងហើយការដោះស្រាយរបស់រដ្ឋាភិបាល រដ្ឋាភិបាលគ្មានគោលគំនិត ឬគោលនយោបាយធ្វើបាបប្រជាពលរដ្ឋ មានបញ្ហាប្រឈមមុខ ដោះស្រាយជូនមិនរត់ចោលនោះទេ មិនមែនអ្នកខ្វះចាក់សាំងហើយមានការរត់ឡើងយន្តហោះក្រៅប្រទេសបាត់ អត់ទេ នៅទីនេះប្រឈមមុខដោះស្រាយតែម្តង»។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ចំពោះការដោះស្រាយបញ្ហានានារបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស គឺមានករណីខ្លះត្រូវបានប្រកាសជាសាធារណៈ និងរឿងមួយចំនួនក៏មិនបានប្រកាសនោះដែរ ចំណុចនេះសូមបញ្ជាក់ថា មិនមែនរាជរដ្ឋាភិបាលមិនបានដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋនោះដែរ៕