ខេត្តកំពង់ចាម៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមក្នុងពីធីប្រគល់រង្វាន់លើកទឹកចិត្តដល់សិស្សឆ្នើមថ្នាក់ទី១០ ពានរង្វាន់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំស្រុកព្រៃឈរ ឆ្នាំសិក្សា២០២៣-២០២៤ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ស្ថិតនៅវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ស្រុកព្រៃឈរ ។
គួរបញ្ជាក់ថា ការកំណត់យកសិស្សឆ្នើមថ្នាក់ទី១០ សម្រាប់ការប្រលងយកពានរង្វាន់នេះ ធ្វើឡើងក្នុងគោលបំណងសំខាន់ៗ ចំនួន ២ គឺ៖
(ទី១)-លើកកម្ពស់សមត្ថភាព និងលើកទឹកចិត្តដល់សិស្សឆ្នើមថ្នាក់ទី១០ ដែលបានខិតខំរៀនសូត្រនាពេលកន្លងមក និង (ទី២)- ជំរុញ និងលើកទឹកចិត្តឱ្យសិស្សានុសិស្សយកចិត្តទុកដាក់ខិតខំប្រឹងប្រែងរៀនសូត្រឱ្យក្លាយជាសិស្សពូកែ តាំងពីចូលកម្រិតមធ្យម សិក្សាបឋមភូមិ ជាពិសេសចាប់ពីថ្នាក់ទី៧ ឡើងទៅ ដើម្បីអាចត្រៀមលក្ខណៈឱ្យបានល្អតាំងពីដើមសម្រាប់ ប្រលងយកពានរង្វាន់របស់ សម្តេចធិបតី សម្រាប់សិស្សឆ្នើមនៅថ្នាក់ទី១០ ប្រចាំស្រុកព្រៃឈរផង និងសម្រាប់ការប្រលង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ផង។
ចំពោះការប្រលងប្រជែងជ្រើសរើសសិស្សឆ្នើមថ្នាក់ទី១០ ប្រចាំស្រុកព្រៃឈរនេះ វិទ្យាល័យទាំង៥ ក្នុងស្រុកព្រៃឈរនៃខេត្តកំពង់ចាម ដូចខាងក្រោម នឹងចូលរួមបញ្ជូនបេក្ខជនមកចូលរួមការប្រលង៖– វិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង វិទ្យាល័យ ហ៊ុន សែន គរ វិទ្យាល័យ ស្រេងគីម វិទ្យាល័យ ល្វា និងវិទ្យាល័យ នរណឬទ្ធិ គន្ធបុប្ផា. បេក្ខជនចូលរួមប្រលង គឺជាសិស្សថ្នាក់ទី១០ នៃឆ្នាំសិក្សា២០២៣–២០២៤ នៃវិទ្យាល័យទាំង៥ខាងលើ ដែលទទួលបាននិទ្ទេស A ឬ B សម្រាប់ឆមាសទី១ នៃឆ្នាំសិក្សា ២០២៣–២០២៤។ ទន្ទឹមនឹងនេះ ដើម្បីបើក ឱកាសឱ្យសិស្សផ្សេងទៀតដែលមិនទទួលបាននិទ្ទេស A ឬ B អាចចូលរួមការប្រលងជ្រើសរើសសិស្ស ឆ្នើមនេះបានផងដែរ ។
ចំពោះរង្វាន់ជ័យលាភី គឺមានចំនួន ២៥រង្វាន់។ ជ័យលាភីទាំង ២៥រូប នឹងទទួលបាននូវប័ណ្ណសរសើរ និងសៀវភៅ ២ ឈុត (១ ឈុតគ្រប់មុខវិជ្ជាសម្រាប់ថ្នាក់ទី១១ និង ១ ឈុតទៀតសម្រាប់ថ្នាក់ ទី ១២) ព្រមទាំងរង្វាន់ដោយឡែកៗ តាមចំណាត់ថ្នាក់ដូចតទៅ ៖
– ជ័យលាភីលេខ ១ ទទួលបានរង្វាន់ម៉ូតូ Honda Dream 125មួយគ្រឿង និងថវិកា ១លានរៀល។
– ជ័យលាភីលេខ ២ និងលេខ ៣ ទទួលបានរង្វាន់ម៉ូតូ Wave ម្នាក់ ១គ្រឿង និងថវិកា ១លានរៀល។
– ជ័យលាភីលេខ ៤ និងលេខ ៥ ទទួលបានកុំព្យូរទ័រយួរដៃមួយគ្រឿង និងថវិកា ១លានរៀល។
– ជ័យលាភីពីលេខ ៦ ដល់លេខ ១០ ទទួលបានថវិកាម្នាក់ ២លានរៀល។
– ជ័យលាភីពីលេខ ១១ ដល់លេខ ២០ ទទួលបាន ១លានរៀល។
– ជ័យលាភីទី២១ ដល់ទី២៥ ទទួលបានថវិកា ៥០ម៉ឺនរៀល។
បន្ថែមលើនេះ ជ័យលាភីលេខ ១ ក្នុងមុខវិជ្ជានីមួយៗទទួលបានប័ណ្ណសរសើរ និងកុំព្យូរទ័រយួរដៃ ១គ្រឿងផងដែរ ៕