ព័ត៌មានជាតិ

ឯកឧត្តម ឆាយ ឫទ្ធិសែន បានអញ្ជើញជាអធិបតីប្រកាសទទួលស្គាល់​ ខេត្តត្បូងឃ្មុំ ជាខេត្តទី១១ ទទួល​បានជ័យលាភីបញ្ចប់​ការបន្ទោបង់ពាសវាលពាសកាល (ODF)

ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃចន្ទ ១០រោច ខែកត្ដិក ឆ្នាំរោង ឆស័ក ព..២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅ​បរិវេណរង្វង់មូលទល់មុខសាលាខេត្តត្បូងឃ្មុំ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រ​សួង​អភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីភា​ពដ៏ខ្ពង់ខ្ពស់ក្នុងពីធីប្រកា​សទទួលស្គាល់​ខេត្តត្បូងឃ្មុំ ជាខេត្តទី១១ ទទួ​លបានជ័យលាភីបញ្ចប់ការបន្ទោបង់ពា​សវាលពាសកាល (ODF) ដែល​មា​នសមាសភាពអញ្ជើញចូលរួម សរុបប្រមាណ ២ ៣០០នាក់។

ក្នុងឱកា​សដ៏មហានក្ខត្តឫក្ស នោះ ឯកឧត្ដម ឆាយ ឫទ្ធិសែន បានពាំនាំនូវប្រសាសន៍ផ្ដាំ​ផ្ញើសួរ​សុខទុក្ខ សេចក្តីនឹករ​លឹកយ៉ាងជ្រាលជ្រៅបំផុត និងពរសព្ទសាធុការពីសំណាក់ សម្ដេចអគ្គម​ហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តម​ប្រឹក្សាផ្ទាល់ព្រះ​មហាក្សត្រ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, សម្ដេចមហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនចំ​ពោះ​អង្គពិធីទាំងមូល និងបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន និងសមិទ្ធផលនានា ដែលខេត្ត​ត្បូងឃ្មុំ សម្រេចបាន នាពេលកន្លងមកលើគ្រប់វិស័យ ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ជាក់ស្ដែងការសម្រេចនូវការបញ្ចប់បន្ទោបង់ពាសវាលពាសកាលនា នៅទូទាំង​ខេត្ត ពេលនេះ។ ឯកឧត្ដមរដ្ឋមន្រ្ដី បានមានប្រសាសន៍ថា បច្ចុប្បន្ន ក្រសួងបាននិងកំពុង​បន្តអនុវត្តផែនការសកម្មភាពជាតិស្តីពីការផ្គត់ផ្គង់ទឹក ការសំអាត និង អនាម័យជនបទ ដែល​សម្រេចបានអត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យទូទាំងប្រទេសប្រមាណ ៨៨,៨០% ក្នុងនោះ​អត្រាគ្របដណ្តប់ទឹក ៨៦,០៩% និងអនាម័យ ៩១,៤៧% ហើយនឹងសម្រេចឱ្យបាន ១០០% នៅឆ្នាំ២០៣០។ ដោយឡែកចំពោះការសម្រេចបានខេត្ត ODF គិតត្រឹមថ្ងៃនេះ មានខេត្តចំនួន ១១ ដែលសម្រេចបានជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) រួមមាន៖ ខេត្តស្វាយរៀង ព្រៃវែង កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង កែប ព្រះសីហនុ កំពង់ចាម រតនគីរី ខេត្តសៀមរាប និង​ខេត្តត្បូង​ឃ្មុំ ជាខេត្តទី១១ ដែលទទួលបានជ័យលាភី ODF

សូមជម្រាបជូ​នផងដែរថា នៅក្នុងដំណាច់ឆ្នាំ២០២៤នេះ ក្រសួងមានផែនកា​រសម្រេចឱ្យបានខេត្តជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលចំនួន ២ទៀត គឺខេត្តតាកែវ និងខេត្តស្ទឹងត្រែង ហើយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ រាជធានីភ្នំពេញ នឹងទទួលពានជា​រាជធានីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF PLUS) ដំបូងគេ៕

Leave a Reply

Your email address will not be published.