បន្ទាយមានជ័យ៖កម្លាំងនគរបាលក្រុងប៉ោយប៉ែត បានឃាត់ខ្លួនស្ត្រីជនជាតិចិនម្នាក់ ក្រោយពីបើករថយន្តសេរីទំនើបកិនក្មេងប្រុសម្នាក់បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធម្មនៅល្ងាចថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចផ្លូវបុរីសាន់កូស្ថិតនៅក្នុងភូមិ/សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
មន្ត្រីនគរបាលចរាចរណ៍ក្រុងប៉ោយប៉ែតបានប្រាប់ឲ្យដឹងថា៖ស្ត្រីជនជាតិចិនដែលបើករថយន្តកិនក្មេងប្រុសស្លាប់ ត្រូវបានកម្លាំងនគរបាលចរាចរណ៍ឃាត់ខ្លួន បញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីធ្វើការសាកសួរ។
មន្ត្រីនគរបាលបានបញ្ជាក់ថា៖នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងស្ត្រីជនជាតិចិនម្នាក់អាយុប្រមាណជិត៣០ឆ្នាំ បានបើកបររថយន្តម៉ាក់តាកូម៉ាសេរីទំនើប តាមបណ្តោយផ្លូវក្នុងបុរីសាន់កូហើយត្រូវបានក្មេងប្រុសម្នាក់អាយុប្រមាណ៤ឆ្នាំបានរត់ឆ្លងផ្លូវហើយរត់បកក្រោយវិញត្រូវបានរថយន្តកិននៅផ្នែកកងខាងក្រោយបណ្ដាលឲ្យស្លាប់មួយរំពេច។ក្រោយពេលរថយន្តកិនទៅលើក្មេងប្រុសហើយស្ត្រីជនជាតិចិនបានបីក្មេងប្រុសនោះឡើងរថយន្តដាក់កៅអីខាងក្រោយហើយបើកចេញយ៉ាងលឿនទៅកាន់មន្ទីពេទ្យបង្អែកក្រុងប៉ោយប៉ែត លុះទៅដល់គ្រូពេទ្យប្រាប់ថា ក្មេងប្រុសបានស្លាប់បាត់បង់ជីវិត ហើយដឹកត្រឡប់ជូនគ្រួសារវិញត្រូវបានកម្លាំងនគរបាលជំនាញនាំខ្លួននិងរថយន្តទៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដើម្បីធ្វើការសាកសួរ អនុវត្តតាមនិតិវិធីច្បាប់៕