(បន្ទាយមានជ័យ) ករណីបុរសម្នាក់លួចយកអំពូលភ្លើងLED ចំនួន០២គ្រឿង នៅចំណុចមុខក្លឹប ម៉ិចក្លឹប ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត លាក់ទុកក្នុងការ៉ុងអេតចាយ ដោយយកចេញតាមច្រកទ្វារក្លឹប ក៏ត្រូវបានសន្តិសុខឆែកឃើញហើយរាយការណ៍ជូនសមត្ថកិច្ចបន្ត។ ក្រោយពីទទួលបានពាក្យបណ្ដឹងឈ្មោះ សេង សុខរ៉េត(ប៉ឺត) ភេទប្រុស អាយុ៤២ឆ្នាំ នៅបច្ចុប្បន្នរស់ភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះទៅដល់ទីតាំងកើតហេតុ រហូតដល់វេលាម៉ោង២០និង៣០នាទី ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឃាត់ខ្លួនជនសង្ស័យ ១នាក់ ឈ្មោះ ភី សារិទ្ធ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរ ជាងការ៉ូ បច្ចុប្បន្នស្នាក់នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ព្រមទាំងចាប់យកវត្ថុតាង អំពូលភ្លើងងLED ចំនួន០២គ្រឿង ហើយនាំទៅមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីសួរនាំតាមនីតិវិធី។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចអំពូលភ្លើងរបស់ជនរងគ្រោះពិតប្រាកដមែន។ ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានកសាងសំណុំរឿងបញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា ក្រោយពីធ្វើនិតិវិធីរួចជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅតុលាការហើយ នៅរសៀលថ្ងៃពុធ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕