(បន្ទាយមានជ័យ)៖ជនជាតិថៃ ប្រុស ស្រី ចំនួន ៤នាក់ ត្រូវបានប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត សហការជាមួយកម្លាំងការិយាល័យអនុវត្តនីតិវិធី និងគ្រប់គ្រងកន្លែងត្រៀមបណ្ដេញចេញ នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ដឹកនាំដោយលោកអនុសេនីយ៍ឯក ជន លីណា ឋានៈនាយរងផ្នែក ធ្វើការប្រគល់–ទទួល និងបញ្ជូនចេញពីប្រទេសនៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង១១:០០នាទី ក្រោយពីរកឃើញថា លួចស្នាក់នៅធ្វើការងារខុសច្បាប់ និងគ្មានលិខិតឆ្លងដែន ។
យោងតាមបញ្ជាលោកឧត្តមសេនីយ៍ត្រី ប្រធាននាយកដ្ឋានច្រកទ្វារទី១ ជនជាតិថៃខាងលើ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានប្រថាប់ត្រាហាមចូលប្រទេសរយៈពេល ០៥ឆ្នាំ បន្ទាប់មកប្រគល់ជូនលោកស្រីអនុសេនីយ៍ឯក ANUSARA THAINGTHAM ឋានៈនាយរងផ្នែក ប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិបានខ្លងលឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ ដើម្បីអនុវត្តនីតិវិធីបន្ត ៕