(បន្ទាយមានជ័យ) ចំណេះដឹង គឺជាទ្រព្យសម្បត្តិរបស់យើងផ្ទាល់ខ្លួនគ្រប់ៗគ្នា ។លោកស្រី យ៉ាង វៃលីន នាយិកានៃវិទ្យាល័យFRA ស្ថិតនៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ លើកឡើងបែបនេះ ក្នុងឱកាសបើកបវេសនកាលនៃថ្ងៃចូលរៀនដំបូងរបស់ សិស្សានុសិស្សនាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលមានសិស្សានុ–សិស្សក្នុងវិទ្យាល័យចាប់ពីថ្នាក់ទី៧ រហូតដល់ថ្នាក់ទី១២ សរុបប្រមាណជាង ៦០០នាក់។
លោកស្រី យ៉ាង វៃលីន បានបញ្ជាក់ថា វិទ្យាល័យ FRA បានបង្កើតឡើង ១០ឆ្នាំមកហើយ រួមមានចាប់ពីថ្នាក់ទី៧រហូតដល់ ថ្នាក់ទី១២ ហើយក្នុងមួយឆ្នាំៗសិស្សានុសិស្សមានការកើនឡើង បច្ចុប្បន្នមានសិស្សប្រមាណជាង៦០០នាក់។ លោកស្រីបានបន្តថា ការបង្កើតវិទ្យាល័យនេះឡើងមានការជួយឧបត្ថម្ភជ្រោមជ្រែងពីប្រជាជនចិន ដែលរស់នៅលើទឹកដីនៃកោះតៃវ៉ាន់ មានសមានចិត្តអាណិតស្រលាញ់ប្រជាជនខ្មែរ ជួយដល់វិស័យអប់រំ ក៏ដូចជាថែមទាំងបានជួយដល់វិស័យព្រះពុទ្ធសាសនាផងដែរ។
លោកស្រីបានសង្កត់ធ្ងន់ថា គោលបំណងធំគឺចង់ឲ្យកូនៗរបស់គាត់ ដឹងខុសដឹងត្រូវចាប់ឲ្យកូនៗមានបញ្ញា ដើម្បីបំបាត់ភាពអប្រិយថោកទាប ចង់ឲ្យកូនៗមានចំណេះដឹងមានសីលធម៌ សុជីវធម៌ស្គាល់ពីភាពលំបាក ធ្វើយ៉ាងណាឲ្យមានមោទនភាពក្លាយជាកូនល្អ សិស្សល្អជួយដល់សង្គមជាតិនិងគ្រួសារ។ ដូចនេះហើយ សូមឲ្យប្អូនប្អូនទាំងអស់ខិតខំរៀនសូត្រឲ្យក្លាយទៅជាការពារធនធានមនុស្សពិតប្រាកដ ជាក់ស្តែងនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិបាក់ឌុបកន្លងទៅថ្មីៗនេះ សិស្សានុសិស្សបានប្រឡងជាប់ប្រមាណជាង៨០% ភាគច្រើនទទួលបាននិទ្ទេស Bនិងនិទ្ទេសC។
លោក ញឹម ភឿង អភិបាលរង ក្រុងប៉ោយប៉ែតបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយសម្ដេចមហាប្រវត្តិធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានខិតខំប្រឹងប្រែងលើការអភិវឌ្ឍគ្រប់វិស័យជាពិសេសរាជរដ្ឋាភិបាល លោកបានចាត់ទុកវិស័យធនធានមនុស្ស ជាវិស័យអាទិភាពខ្ពស់។ក្នុងនោះលោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកស្រី នាយិការួមទាំងប្រជាជនបានរស់នៅលើទឹកដីនៃកោះតៃវ៉ាន់ ដែលតែងតែបានជួយដល់ប្រជាជនខ្មែរពិសេសវិស័យអប់រំសិក្សា។ លោកអភិបាលរង ក្រុង បានផ្តាំផ្ញើដល់សិស្ស ល្អចៀសផុតពីអំពើអបាយមុខផ្សេងៗរួមមានអំពើហិង្សា បងតូចបងធំ ក្មេងទំនើង និងបញ្ហាគ្រឿងញៀន។ ចុងក្រោយគណៈអធិបតី បានចែកជូននូវបណ្ណសរសើរ និងផ្តល់ជូននូវអំណោយដល់សិស្សានុសិស្សដែលរៀនពូកែចាប់ពីលេខ១ រហូតដល់លេខ៥ ផងដែរ ៕