(បន្ទាយមានជ័យ)៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ នៅវេលាម៉ោង០២និង៣០នាទីរំលងអាធ្រាតុ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ទទួលបានព័ត៌មានពីប្រជាពលរដ្ឋ ករណីហិង្សាដោយចេតនា ដែលប្រព្រឹត្តនៅចំណុចសួនតេជោឈ្នះឈ្នះ ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ បង្កឡើងដោយក្រុមក្មេងទំនើង០២ក្រុមប្រដាប់ដោយកាំបិត បានដេញកាប់គ្នាទៅវិញទៅមកនោះ លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានដឹកនាំកម្លាំង បានចុះដល់កន្លែងកើតហេតុ កំណត់មុខសញ្ញាជនសង្ស័យ រហូតដល់វេលាម៉ោង០៨និង៣០នាទី ថ្ងៃខែឆ្នាំដដែល បានធ្វើការឃាត់ខ្លួនបានចំនួន០២នាក់ ១–ឈ្មោះ សម្បត្តិ ចំរើន ភេទប្រុស អាយុ១៦ឆ្នាំ និង២–ឈ្មោះ ស៊ាត សុខអាន(វីត) ភេទប្រុស អាយុ១៧ឆ្នាំ នៅចំណុចភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ព្រមទាំងដកហូតវត្ថុតាងមាន៖ កាំបិតកៃច្នៃ ប្រវែង១១២ សង់ទីម៉ែត្រ ចំនួន០១ដើម, ម៉ូតូ ម៉ាកហុងដាឌ្រីម ពណ៍ខ្មៅ ផលិតឆ្នាំ២០១៩ ពាក់ស្លាកលេខ បន្ទាយមានជ័យ1Q-5238 ចំនួន០១គ្រឿង, ទូរសព្ទ ម៉ាកVIVO ពណ៍ទឹកសមុទ្រ ចំនួន០១គ្រឿង ហើយនាំទៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ សួរនាំតាមនីតិវិធី ព្រមទាំងបានធ្វើតេស្តទឹកនោមរកឃើញមានសារធាតុញៀនផងដែរ។ចំណែកបក្ខពួក និងក្រុមម្ខាងទៀតដែលបានគេចខ្លួនកម្លាំងកំពុងស្រាវជ្រាវបន្ត។
លោកវរសេនីយ៍ត្រី សុខ ឡេង បានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពវាយទៅលើក្រុមម្ខាងទៀតពិតប្រាកដមែន។ ដោយសារតែពួកគេតែងតែឌឺដងដាក់ក្រុមរបស់ខ្លួន។ ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃសៅរ៍ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕