ព័ត៌មានជាតិ

ឯកឧត្តម អ៊ុំ សុថា អញ្ជើញជាអធិបតីភាពក្នុង វគ្គសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្ដីពី “ការគ្រប់គ្រងទឹកស្អាត” ក្នុងខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ) នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុំ សុថា រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានអញ្ជើញជាអធិបតីភាពក្នុងវគ្គសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្ដីពី “ការគ្រប់គ្រងទឹកស្អាត” ។ពិធីនេះបានធ្វើឡើងនៅសណ្ឋាគារ ដឹវ៉ាយផាលេសរីសត ដោយមានការចូលរួមពី លោក លោកស្រី អភិបាលរងខេត្ត អភិបាល អភិបាលរងក្រុង-ស្រុក លោកមេភូមិ មេឃុំ ចៅសង្កាត់ ក្រុមការងារនាយកដ្ឋានគោលនយោបាយទឹកស្អាត មន្ទីរអង្គភាពពាក់ព័ន្ធនានាផងដែរ ។

 

លោក ញុិល ប៊ុនធឿន ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្ត បានមានប្រសាសន៍ថា ការអភិវឌ្ឍន៍ខេត្តបន្ទាយមានជ័យ មានការរីកចំរើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ រួម មាន វិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលស្តែងចេញពីការយក ចិត្តទុកដាក់ចង្អុលបង្ហាញពីក្រសួង ក៏ដូចជាការខិតខំរបស់ថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីរាជការ របស់យើងក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ប្រកបដោយការទទួលខុសត្រូវក្នុងការអភិវឌ្ឍន៍ វិស័យនេះ ឱ្យមានការរីកចំរើនគួរឱ្យកត់សម្គាល់។ និងសូមសម្តែង នូវការកោតសរសើរដោយស្មោះចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងាររបស់ថ្នាក់ដឹកនាំ ក៏ដូចជាមន្ត្រីរាជការចំពោះមុខរាជរដ្ឋាភិបាល និងក្រសួងក្នុងការបម្រើប្រទេសជាតិ មាតុភូមិ និងប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ ព្រមទាំងមានការលះបង់ខ្ពស់ទាំងកម្លាំងកាយ កម្លាំងចិត្ត ចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍ខេត្តបន្ទាយមានជ័យ។

 

ឯកឧត្តម អ៊ុំ សុថា រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានមានប្រសាសន៍ថា ការផ្ដល់សេវាផ្គត់ផ្គង់ទឹកស្អាត ប្រកបដោយគុណភាព សុវត្ថិភាព និរន្តរភាព និងថ្លៃសមរម្យ (ដូចមានចែងក្នុងមាត្រា៦) មិនត្រឹមតែជួយលើកកម្ពស់សុខភាពសេវាសាធារណៈប៉ុណ្ណោះទេ ក៏ជាកត្តាគន្លឹះមួយក្នុងការបង្កើនជំនឿទុកចិត្ត និងទាក់ទាញការវិនិយោគពីអ្នកប្រកបធុរកិច្ចជាតិ និងអន្តរជាតិសម្រាប់ការបង្កើតមុខរបរ ផលិតកម្ម អាជីវកម្មនៅក្នុងប្រទេសរបស់យើង។ ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយនេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដាក់ការពង្រឹងគុណភាពទឹក និងការពង្រីកសេវាកម្មផ្គត់ផ្គង់ទឹកស្អាតតាមប្រព័ន្ធបណ្ដាញ ជាអាទិភាពចម្បងរបស់ក្រសួង និងសស្រាក់សស្រាំប្រឹងប្រែងបំពេញភារកិច្ចរបស់ខ្លួន ក្រោមកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ក៏ដូចជាក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលមានបេសកកម្មរួម និងបំពេញឲ្យគ្នាទៅវិញទៅមកក្នុងវិស័យនេះ។

 

ឯកឧត្តម អ៊ុំ សុថា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព និងបានកំណត់វិស័យអាទិភាពគន្លឹះចំនួន៥ គឺ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” ដែលក្នុងនោះ “ទឹក” គឺត្រូវបានរំកិលមកជាអាទិភាពលំដាប់ទី៣។ លើសពីនេះ រាជរដ្ឋាភិបាលក៏កំពុងយកចិត្តទុកដាក់អនុវត្ត ដើម្បីសម្រេចឲ្យបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជាឆ្នាំ២០១៦-២០៣០ ដែលបានកំណត់ថាប្រជាពលរដ្ឋត្រូវមានទឹកស្អាតប្រើទាំងអស់គ្នា នៅត្រឹមឆ្នាំ២០៣០៕

Leave a Reply

Your email address will not be published.