ព័ត៌មានជាតិ

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឆ្មក់ចូលក្លឹបកំសាន្តស្តាស៊ីធី ដោយឃាត់ខ្លួនជនបរទេស និងខ្មែរប្រុសស្រីជាង ១០០នាក់ យកទៅសាកសួរនិងពិនិត្យរកសារធាតុញៀន

(បន្ទាយមានជ័យ) ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នាយប់រំលងអាធ្រាតឈានចូលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ កម្លាំងនគរបាលក្រុងប៉ោយប៉ែត និងមានការសម្របសម្រួលនិតិវិធីពីព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តបន្ទាយមានជ័យ បានសម្រុកចូលក្នុងក្លឹបកំសាន្តយីហោ ស្តាស៊ីធី (STAR CITY PUB&KTV) ស្ថិតនៅក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ដោយឃាត់ខ្លួនជនបរទេស និងខ្មែរប្រុសស្រី មានទាំងភ្ញៀវ និងអ្នកបម្រើការងារសរុបប្រមាណជាង ១០០នាក់ ផងដែរ។

 

លោកវរៈសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែតបានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា ក្រោយពីរត្រួតពិនិត្យរហូតឈានដល់ការឃាត់ខ្លួនជនបរទេស និងជនជាតិខ្មែរដែលបម្រើការងារនៅក្នុងក្លឹបកំសាន្តខាងលើនេះរួចមក លុះព្រឹកឡើងបានដឹកតាមរថយន្ត១៦កៅអីរបស់សាលាក្រុង បញ្ជូនទៅកាន់ទីបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ ដើម្បីធ្វើការសាកសួរ។ដោយឡែកមធ្យោបាយធ្វើដំណើរដូចជាម៉ូតូជាដើម របស់ជនសង្ស័យ ត្រូវបានកម្លាំងសមត្ថកិច្ចដឹកយកទៅរក្សាទុក រីឯក្លឹបកំសាន្ត ត្រូវបានបិទបណ្ដោះអាសន្នរង់ចាំធ្វើនីតិវិធីជាក្រោយ។

 

លោកវរៈសេនីយ៍ទោ កែវ ដូល អធិការរង ផ្នែកប្រឆាំងគ្រឿងញៀនក្រុង បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងដែរថា ជនសង្ស័យខាងលើកម្លាំងជំនាញកំពុងធ្វើការសាកសួរ និងរង់ចាំបទបញ្ជាពីថ្នាក់ដឹកនាំធ្វើតេស្តរកសារធាតុញៀន ដើម្បីអនុវត្តតាមនីតិវិធី ក្នុងករណីធ្វើតេស្តមិនមានសារធាតុញៀនទេនឹងធ្វើការដោះលែងឲ្យត្រឡប់ទៅវិញ ។

 

គួររំលឹកផងដែរថា រយៈការកន្លងមកនេះអាជ្ញាធរមូលដ្ឋានពិសេសសមត្ថកិច្ចក្រុងតែងតែចុះធ្វើការណែនាំ នៅតាមក្លឹបកំសាន្ត(KTV) ជារឿយៗ នៅភូមិសាស្ត្រក្រុងប៉ោយប៉ែត ក្រោយពីមានការផ្សព្វផ្សាយបែកធ្លាយរឿងក្លឹបកំសាន្ត(KTV) មួយចំនួនលួចបង្កប់ល្បែងស៊ីសង និងថ្នាំគ្រវី រហូតសមត្ថកិច្ចឱ្យម្ចាស់ទីតាំងធ្វើកិច្ចសន្យាឱ្យបញ្ឈប់ ហើយកន្លែងខ្លះត្រូវបានបិទបណ្ដោះអាសន្នថែមទៀតផង។ ហើយករណីដែលកម្លាំងសមត្ថកិច្ចចុះពិនិត្យរហូតឈានដល់ឃាត់ខ្លួនជនបរទេសនិងខ្មែររហូតជាង ១០០ នាក់នេះ មិនដឹងថាជាករណីអ្វីឲ្យពិតប្រាកដនៅឡើយទេ ៕

Leave a Reply

Your email address will not be published.