(បន្ទាយមានជ័យ)៖កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ក្រោយពីទទួលបានពាក្សបណ្ដឹងពីជនរងគ្រោះឈ្មោះ អឹម លក្ខិណា ភេទស្រី អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិចាន់គិរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ស្ដីពីករណីលួចមានស្ថានទម្ងន់ទោស(ប្លន់) ដែលប្រព្រឹត្តកាលពីវេលាម៉ោង១៨និង៣០នាទី ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ នៅចំណុចភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែតនោះលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានដឹកនាំកម្លាំង ចុះទៅដល់កន្លែងកើតហេតុ ហើយធ្វើការស្រាវជ្រាវរកមុខសញ្ញា រហូតដល់វេលាម៉ោង២៣និង៣០នាទី ថ្ងៃទី ខែ ឆ្នាំ ដដែល ឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន០៣នាក់ ១.ឈ្មោះ វ៉ាត ពេជ្រ ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ, ២.ឈ្មោះ សេក ឆៃយ៉ា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ, ៣.ឈ្មោះ កាក់ បាវ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ ។ ការឃាត់ខ្លួននេះធ្វើឡើងនៅចំណុចមុខកាស៊ីណូហ្គោដវើល ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត រួមទាំងដកហូតវត្ថុតាង ហើយមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដើម្បីសួរនាំ និងធ្វើតេស្តទឹកនោមរកសារធាតុញៀនជាលទ្ធផលវិជ្ជមាន (+)ទាំ៣នាក់។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានលួចម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន។ ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅតុលាការហើយ នៅរសៀលថ្ងៃសុក្រ ទី២៥ ខែតុលា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី។ ចំណែកម៉ូតូត្រូវបានប្រគល់ជូនជនរងគ្រោះវិញហើយដែរ៕