ព័ត៌មានជាតិ

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា​ខេត្តកណ្ដាល អាណត្តិទី៤ លើកទី១ ឆ្នាំ២០២៤ ជាមួយ​ប្រជាពលរដ្ឋ នៅស្រុកអង្គស្នួល

ខេត្តកណ្តាល៖ថ្លែងក្នុងវេទិការផ្សព្វផ្សាយ និងពិគ្រោះ​យោបល់ របស់ក្រុមប្រឹក្សាខេត្ត លើកទី៤ អា​ណត្តិទី១ នៅក្នុងបរិ​វេណវត្តយសមេត្រី ភូមិយសមេត្រី ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល នា​ព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ លោក ឈឹម កន សមាជិកក្រុមប្រឹក្សាខេត្ត បានមានប្រ​សាស​ន៍ថា៖ វត្តមានអស់លោក លោកស្រី បងប្អូនប្រជាពលរដ្ឋ នាឱកាសនេះ ពិតជាមា​នសារៈសំខាន់​បំផុត ដែលអាចលើក​ឡើងនូវ​មតិយោបល់សំណើ សំណូមពរ និងអនុសាស​ន៍សម្រាប់កែ​លម្អដ​ល់ការអ​ភិវឌ្ឍមូលដ្ឋានរប​ស់ខេត្តយើង ឱ្យកាន់តែប្រសើរឡើង ព្រោះយើ​ងទាំងអ​ស់គ្នាចង់បា​ននូវការថែរក្សា​ការពារ និងការថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់សង្គម ព្រមទាំងការ​ការផ្តល់សេវា​សាធារណៈ ឱ្យបា​នកាន់តែល្អប្រសើ​របន្ថែមទៀត និងកាន់តែខិតទៅជិតប្រជាពលរដ្ឋ។

លោកបញ្ចាក់ថា៖ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នាថ្ងៃនេះ គឺជាការផ្តល់​ឱកាសជូនប្រ​ជាពលរដ្ឋ បា​នប្រាស្រ័យទា​ក់ទងគ្នាទៅវិញទៅ​មករវាង​រដ្ឋបាលខេត្ត ជាមួយរដ្ឋបាលស្រុក រដ្ឋបា​លឃុំ អង្គការសង្គមស៊ីវិល វិស័យឯកជន ដើម្បីផ្លាស់ប្តូរនូវបទពិសោធន៍ ផ្តល់ប្រឹក្សាយោ​បល់អំពីអាទិ​ភាពនៃការអភិវឌ្ឍខេត្តសំដៅធ្វើយ៉ាងណា​ឱ្យមានប្រសិទ្ធភាព តម្លាភាព និងគណ​នេយ្យភាព

ក្នុងឱកាសនោះដែរលោក ប៊ុន ផេង អភិបាលរងខេត្តកណ្ដាល ក៏បានគាំទ្រ និងលើក​ទឹកចិត្តដល់ប​ងប្អូនប្រជាពលរដ្ឋ និងអ្នកចូលរួមទាំងអស់សូមចូលរួមលើកឡើងនូវទុក្ខកង្វល់ បញ្ហាប្រឈម និងសំណូមពរនានាឱ្យបានច្រើន ដើម្បីក្រុមប្រឹក្សាខេត្តធ្វើការប្រមូលនូវរាល់មតិយោបល់ បញ្ហា​ប្រឈម និងសំណូមពរទាំងនោះ យកមកធ្វើការពិភាក្សាស្រាយបំភ្លឺ និងឆ្លើយតបជូនវិញ សំ​ដៅឈានទៅធ្វើការកែលម្អ និងដោះស្រា​យឱ្យកាន់តែល្អប្រសើរ​ស្របទៅនឹង​តម្រូវការជា​អាទិភា​ពជា​ក់ស្តែងរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន

សូមបញ្ជាក់ថា ក្នុងវេទិកានេះ បានទទួលក្រដាស/លិខិតចំនួន៤៥ ស្មើនឹង៥៦ សំណើ/សំណូមពរ និងផ្ទាល់មាត់ចំនួន០៦ ស្មើនឹង០៨ សំណើ/សំណូមពរ សរុបសំណើរសំណូមពរចំនួន ៦៤ ក្នុងនោះរួមមានផ្នែករដ្ឋបាល សន្តិសុខ សណ្ដាប់ធ្នាប់ សរុបចំនួន០៣ ផ្នែកសេដ្ឋកិច្ច សរុបចំនួន៤៨ ផ្នែកសង្គមកិច្ច សរុបចំនួន ០៤ និងផ្នែកគ្រប់គ្រងដីធ្លី ធនធានធម្មជាតិ បរិស្ថាន បម្រែ​បម្រួលអាកាសធាតុ សរុបចំនួន០៩ ដែលបញ្ហាទាំងនេះត្រូវបានសមាជិកក្រុមប្រឹក្សាខេត្ត និងអភិបាលរងខេត្តកណ្ដាល អាជ្ញាធរ និងមន្ទីរពាក់ព័ន្ធ ធ្វើការឡើងបកស្រាយបំភ្លឺ និងទទួលយក និងបា​នជំរុញឱ្យអាជ្ញាធរ និងមន្ទីរអង្គភាពត្រូវពន្លឿនក្នុងការដោះស្រាយ ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពផងដែរ

Leave a Reply

Your email address will not be published.