ប៉ៃលិន ៖ រដ្ឋបាលខេត្តប៉ៃលិនចាប់ផ្តើមជួសជុលផ្លូវថ្នល់ប្រព័ន្ធលូស្តារប្រឡាយក្រោយពីជំនន់ទឹកភ្លៀងបានវាយលុកកាលពីចុហសប្តាហ៍កន្លងទៅនៅចំណុចភូមិផ្សារព្រំឃុំស្ទឹងកាច់ស្រុកសាលាក្រៅខេត្តប៉ៃលិន។
ជាមួយគ្នាលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ណែនាំដល់អាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ត្រូវគ្រប់គ្រងដីចំណីផ្លូវ ចំណីអូ និងស្ទឹង ឱ្យបានច្បាស់លាស់ ហើយត្រូវអប់រំប្រជាពលរដ្ឋឱ្យគោរពច្បាប់ដោយចៀសវាងការយកដីចំណីផ្លូវ ចំណីអូ និងស្ទឹង ធ្វើជាកន្លែងរស់នៅ ឬរកស៊ីដែលធ្វើឱ្យមានការប៉ះពាល់យូរអង្វែង ដល់ផលប្រយោជន៍សាធារណៈ ជាពិសេសប្រព័ន្ធលូបង្ហូរទឹកនៅតាមដងផ្លូវ បណ្តាលអោយមានទឹកជន់លេចលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ពេលមានភ្លៀងធ្លាក់ខ្លាំងម្តងៗ។
តាមប្រភពពីមន្ត្រីរជំនាញបានអោយដឹងថា ស្ថានភាពជំនន់ទឹកភ្លៀងបានបះពាល់ផ្ទះសំបែងជិត២០០ខ្នងផ្ទះប៉ះពាល់ផលដំណាំកសិកម្មសរុបទាំងអស់មានចំនួន ៥៩,៥ហិកតា និង សត្វមួយចំនួនផងដែរ។
ក្នុងនោះមាននៅចំណុចភូមិផ្សារព្រំ ប៉ះពាល់ដំឡូងមីចំនួន ៣៧.៥ ហិកតា ពោតក្រហម ២ ហិកតា ស្មើនឹង ៨៨គ្រួសារ
និង កសិករចញ្ចឹមចង្រិត និង កណ្តូប ចំនួន ៧គ្រួសារ ស្មើនឹង ១៥ទ្រុង ។ បាត់គោ១ក្បាល និងបាត់ មាន់អស់៨០ក្បាល ព្រមទាំង រសាត់ពោត ស្នូល ទៅតាមទឹក អស់ ចំនួន១តោន ។ ភូមិអូរឈើក្រំ ប៉ះពាល់ដំឡូងមី ១៥.៥ ហិកតា ស្មើនឹង ៧គ្រួសារ
– ភូមិអូររអិល ប៉ះពាល់ដំឡូងមី ៤.៥ ហិកតា ស្មើនឹង ៧គ្រួសារ ។ចំពោះ ការប៉ះពាលខាងលើ មិនទាន់ធ្វើអោយខូចខាតទាំងស្រុងនៅឡើយទេ៕