ព័ត៌មានជាតិ

អភិបាលខេត្តបន្ទាយមានជ័យអញ្ជើញកាត់វិញ្ញាសាប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៤ នៅវិទ្យាល័យ សិរីសោភ័ណ

(បន្ទាយមានជ័យ) នាព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តមបណ្ឌិត កុលផេង វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេសប្រចាំខេត្តបន្ទាយមានជ័យ អមដំណើរដោយលោក យឹម សំណាង អភិបាលរង ខេត្ត លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត និងលោក លោកស្រី អភិបាល-អភិបាលរងក្រុង ប្រធាន-អនុប្រធានមន្ទីរ មេបញ្ជាការកងកម្លាំង បានអញ្ជើញកាត់វិញ្ញាសាប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៤ នៅវិទ្យាល័យ សិរីសោភ័ណ។

 

លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត បានឲ្យដឹងថា ៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិខេត្តបន្ទាយមានជ័យ មាន ២៥៤ បន្ទប់ បេក្ខជនសុំចុះឈ្នោះប្រឡងមានចំនួន ៦២៣៥ នាក់ ស្រី ៣៥៦៩ នាក់ ក្នុងនោះចែកចេញជា ៨ មណ្ឌល រួមមាន៖ មណ្ឌលបឋមសិក្សា ហ៊ុន សែន សូភី ,មណ្ឌលវិទ្យាល័យ ហ៊ុន សែន ខ្លាកូន, មណ្ឌលសកលវិទ្យាល័យជាតិមានជ័យ , មណ្ឌលសិរីសោភ័ណ, មណ្ឌលវិទ្យាល័យសម្តេចឪ ,មណ្ឌលវិទ្យាល័យអូរអំបិល, មណ្ឌលអនុវិទ្យល័យទឹកថ្លា និងមណ្ឌលសកលវិទ្យាគ្រប់គ្រង UME។

 

ក្នុងឱកាសនោះដែរឯកឧត្តម អ៊ុំ រាត្រី បានសំដែងការសាទរ និង អរគុណ ចំពោះគណៈប្រតិភូ អស់លោក លោកស្រី ក្រុមការងារ លោកគ្រូ អ្នកគ្រូ និងគណៈមេប្រយោគទាំងអស់ ដែលបានខិតខំ បំពេញ ការងាររៀបចំនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ នាឆ្នាំ ២០២៤នេះ ប្រព្រឹត្តិនៅរលូន និងបានល្អប្រសើរ។

 

ឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍ថាយោងតាម ការកំនែទម្រង់របស់ក្រសួងអប់រំយុវជន និងកីឡា ឃើញថា ប្អូនៗ ដែលជាបេក្ខជនប្រឡង គឺត្រូវគោរពពេលវេលា វិន័យ ក្នុងការប្រឡង ហាមយកសំណល់ ឯកសារចម្លើយ ក៏ដូចជាឧបករណ៍ អេឡិចត្រូនិច ពោលគឺគោរពបទបញ្ជ បទបញ្ញត្ថិ ដែលក្រសួងអប់រំយុវជន និងកីឡា បានដាក់ចេញ ពោលគឺរិតបន្តឹង ហើយធានាថា(អ្នកចេះគឺប្រឡងជាប់)។

 

ទន្ទឹមនោះឯកឧត្តម អ៊ុំ រាត្រី ក៏បាន ជូនពរដល់ប្អូនៗ ដែលជាបេក្ខជនប្រឡងទាំងអស់សូមឱ្យទទួលបានលទ្ធផលល្អប្រសេីរទាំងអស់គ្នា ដោយត្រូវខិតខំបំពេញនូវកិច្ចការងារប្រកដោយភាពទទួលខុសត្រូវ ពិនិត្យឱ្យបានម៉ត់ចត់ ជាពិសេសបំពេញនូវព័ត៌មានឱ្យបានត្រឹមត្រូវ នៅលេីសន្លឹកកិច្ចការផងដែរ៕

Leave a Reply

Your email address will not be published.