ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញចុះពិនិត្យ​ការងារគ្រប់គ្រងរដ្ឋបាល និងសំណេះ​សំណាលជា​មួយតំណាងប្រជាពលរដ្ឋ នៅឃុំកំពង់លួង

ខេត្តពោធិ៍សាត់៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹក​ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤ នេះ បានអញ្ជើញចុះ​ពិនិត្យការងារគ្រប់​គ្រងរដ្ឋបាលរបស់​អាជ្ញាធរមូលដ្ឋាន និងសំណេះសំណាលជាមួយតំណាងប្រជាពលរដ្ឋរស់នៅភូមិ ចំនួន ៤ ក្នុង​ឃុំកំពង់​លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់។ បេសកកម្មនេះ មានការចូលរួមពី​ថ្នាក់ដឹកនាំក្រសួង​មហាផ្ទៃ និងរដ្ឋបាល​ខេត្តពោធិ៍សាត់។

ក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងកោតស​រសើរអាជ្ញាធរគ្រប់ជំ​នាញក្នុ​ងឃុំកំព​ង់លួង ទាំងក្រុមប្រឹក្សាឃុំ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សាលារៀន និងមណ្ឌលសុខភាព បំពេញតួនាទី ភារ​កិច្ចប្រកបដោយការទទួលខុសត្រូវ។ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានថ្លែងជំរុញ​និងលើកទឹកចិត្ត​បន្ថែមទៀតដល់គ្រប់តួអង្គក្នុងមូលដ្ឋានឃុំកំពង់លួង ខិតខំពង្រឹងគុណភាពនៃកា​រផ្ដល់សេវា ក្នុងនោះប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ត្រូវសហការជាមួយអធិការដ្ឋានស្រុក ថែរក្សាការពារ​សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ និងត្រូវគ្រប់គ្រងឱ្យបានល្អរា​ល់ការអនុវត្តការងារឯកសា​រផ្សេងៗរបស់ប្រជាជន។

ក្នុងន័យនេះដូចគ្នា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានអំពាវនាវដល់ប្រជាពលរ​ដ្ឋក្នុងមូលដ្ឋាន​ឃុំ​កំពង់លួង បន្តចូលរួមសហការគោរពច្បាប់ជាមួយអាជ្ញាធរ ទាំងការងារគ្រប់គ្រងរដ្ឋបាល ការទប់​ស្កាត់ប​ទល្មើសនេសាទ និងបទល្មើសគ្រឿងញៀនជាដើម។ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានអំ​ពាវនាវឱ្យប​ន្តចូលរួមថែរក្សាបរិស្ថាន និងធនធានធម្មជាតិ ថែរក្សាសុខភាពនិងអនាម័យ ជាពិសេស​ខិតខំបង្កលក្ខណៈឱ្យកូនចៅ បានទទួលការអប់រំ។

នៅក្នុងជំនួបសំណេះសំណាលនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានគូសបញ្ជា​ក់អំពីគោលនយោបាយរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយ​ករដ្ឋមន្ត្រី ក្នុងការបន្តថែរក្សាសន្តិភាព និងពង្រឹងការអនុវត្តច្បាប់ ព្រមទាំងការ​ដាក់ចេញយុទ្ធ​សាស្ត្របញ្ចកោណ ផ្ដោតលើការពង្រឹងគុណភាពធនធានមនុស្ស ទាំងចំណេះដឹងនិងសុខភាព ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការដឹកជញ្ជូននិងធ្វើដំណើរ ការផ្គត់ផ្គង់ទឹកស្អាត អគ្គិសនី និងការធ្វើទំនើបកម្មការងារតាមប្រព័ន្ធឌីជីថល ក្នុងន័យដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម៕

Leave a Reply

Your email address will not be published.