(បន្ទាយមានជ័យ) មួកសុវត្ថិភាពមួយ ជួយការពារជីវិតបានម្នាក់នេះ គឺជាសារលើកឡើងរបស់ លោក សុក ចាន់ថា ដែលជាប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ ដើម្បីជាជំនួយស្មារតីស្តីពី ច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងនោះរួមមានមន្ត្រីជំនាញមន្ទីរសាធារណការនិងដឹក សហការជាមួយសមត្ថកិច្ចចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្ត្ត នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ នៅមុខមន្ទីរនាផ្លូវជាតិលេខ៥ បានធ្វើការផ្សព្វផ្សាយព្រឹត្តិការណ៍សំខាន់ៗ ដែលត្រូវចងចាំចំពោះអ្នកប្រើប្រាស់ផ្លូវ ។គោលបំណងនៃការចុះផ្សព្វផ្សាយពីច្បាប់ចរាចរណ៍នាពេលនេះ គឺដើម្បីកាត់បន្ថយ ខណៈចរាចរណ៍ក៏ដូចជាបានធ្វើការណែនាំ ដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរលើដងផ្លូវឲ្យមានការយល់ដឹងបន្ថែមទៀត ដូចជាជិះម៉ូតូត្រូវពាក់មួកសុវត្ថិភាពបើកបររថយន្តត្រូវពាក់ខ្សែក្រវាត់ពិសេសការបើកបរទៀតត្រូវមានចិត្តអត់ធន់អធ្យាស្រ័យគ្នាទៅវិញទៅមក។
លោក សុក ចាន់ថា បញ្ជាក់ថា បើតាមការសង្កេតបានឲ្យយើងដឹងថា អ្នកបើកបរម៉ូតូងាយរងគ្រោះថ្នាក់ ជាងអ្នកបើកបររថយន្ត ហេតុនេះហើយការប៉ះទង្គិចម្ដងម្ដងឱកាសនៃអ្នករបួសនិងអ្នកស្លាប់និងអ្នកបើកបរម៉ូតូមានច្រើនជាអ្នកបើកបររថយន្ត។ លោកបានបន្ដថា ការចេះយោគយល់ពីច្បាប់ចរាចរណ៍គឺជាកត្តាចម្បង ក៏ប៉ុន្តែកត្តាដែលសំខាន់នោះ គឺពេលបើកបរលោកអ្នកត្រូវមានការប្រុងប្រយ័ត្នខ្ពស់ជានិច្ច កុំបើកបរហួសល្បឿនកំណត់កុំបើកបរពេលកំពុងស្រវឹង មានសុជីវធម៌អធ្យាស្រ័យ ចំពោះអ្នកបើកបរឬប្រើប្រាស់ផ្លូវដូចគ្នា សូមចាំថាការប្រមាថក្នុងការបើកបរគឺជាការប្រមាថដល់អាយុជីវិតរបស់ខ្លួនឯងក៏ដូចជា អ្នកដទៃ។ ក្នុងការចុះផ្សព្វផ្សាយនេះផងដែរ មន្ត្រីរបស់យើងក៏បានធ្វើការចែកជូននូវខិត្តប័ណ្ណសៀវភៅស្តីពីច្បាប់ចរាចរណ៍ បិទចំណាំងប្លាត សួរសំណួរចម្លើយដល់អ្នកបើកបរម៉ូតូ ដែលពុំបានពាក់មួកសុវត្ថិភាព និងបានធ្វើការចែកជូនមួកសុវត្ថិភាពផងដែរ។ សូមបញ្ជាក់ផងដែរថារយៈពេលមួយព្រឹកនេះជាលទ្ធផល អ្នកបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាពមានប្រមាណជាង ៣៥% ប៉ុណ្ណោះ៕